Home ព័ត៌មានជាតិ សន្តិសុខ ប្រកាស​សាលក្រ...

ប្រកាស​សាលក្រម​ផ្តន្ទាទោស បុរស​វ័យ​ចំណាស់ ២​នាក់ ដែល​ប្រមាថ​ព្រះមហាក្សត្រ ដាក់ពន្ធនាគារ ៣ ឆ្នាំ តែ​អនុវត្ត​ទណ្ឌកម្ម​១​ឆ្នាំ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក កុល កំពួ​ល ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ​បាន ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ ២ នាក់ ដាក់ពន្ធនាគារ ៣ ឆ្នាំ តែ​ទោស​នេះ ត្រូវអនុវត្ត​ក្នុង​ពន្ធនាគារ​តែ ១​ឆ្នាំ ទោស​សល់​ត្រូវ​ព្យួរ និង​ពិន័យ​ប្រា​ក់បង់​ចូល​ថវិការដ្ឋ ក្នុង​ម្នាក់ៗ ៦ លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ « ប្រមាថ​ព្រះមហាក្សត្រ » ។ នេះ​បើ​យោងតាម​ប្រភព​ព័​តិ​មាន ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានអោយដឹង នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ ។​

​ជនជាប់ចោទ​ទាំង ២ នាក់ ដែល​តុលាការ ផ្ដន្ទាទោស​មានឈ្មោះ គង់ ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ ៦៧ ឆ្នាំ ជា​អតីត​យោធិន​ចូលនិវត្តន៍ រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ឈ្មោះ ហង្ស សេង អាយុ ៧០ ឆ្នាំ រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

​តុលាការ បាន​ចោទប្រកាន់​បុរស វ័យ​ចំណាស់​ទាំង ២ នាក់​ពីបទ « ប្រមាថ​ព្រះមហាក្សត្រ » តាម​ប​ញ្ញ​តិ​មាត្រា ៤៣៧ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង ។​

​ក្នុង​សវនាការ ជនជាប់ចោទ ទាំង​២​នាក់ បាន​សារភាពថា ពួកគាត់ ពិតជា​បាន​ទូរស័ព្ទ និយាយ​គ្នា មាន​ខ្លឹមសារ​ប្រមាថ ដល់​អង្គ​ព្រះមហាក្សត្រ ពិតមែន ។​

​ឈ្មោះ គង់ ប៊ុន​ហ៊ាង និង ហង្ស សេង បាន​និយាយថាៈ កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ ឈ្មោះ គង់ ប៊ុន​ហ៊ាង បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ហង្ស សេង ដោយ​សួរថា តើ​បានទទួល អំណោយ​ដែរ​ទេ ក្នុងពេល​ទឹក​លិច​នេះ ? ពេលនោះ ឈ្មោះ ហង្ស សេង បាន​ឆ្លើយថា មិនបាន​អំណោយ​ទេ គឺ​បានតែ​គ្នា​វា​ប៉ុណ្ណោះ ទោះ​ក្រ​ដល់​ស្លាប់ ក៏​មិន​ចង់បាន​អំណោយ នេះ​ទេ ។ បើ​មាន​ជាតិ​ក្រោយ កើតជា​នាយករដ្ឋមន្ត្រី មិន​អោយមាន​ស្ដេច​ឡេ​ឡឺ ស៊ីប្រាក់ខែ​មិន​ធ្វើការ …. និង​ការប្រមាថ ដោយ​ពាក្យអសុរស អគតិ អាក្រក់​ស្ដាប់​ជាច្រើន ទៀត ដែលមាន​រយៈពេល នៃ​ការសន្ទនា ប្រមាណ​ជា ១០ នាទី​ឯណោះ ។ ឈ្មោះ គង់ ប៊ុន​ហ៊ាង និង ហង្ស សេង បាន​ទទួលស្គាល់ថា ពាក្យ​ជេរប្រមាថ អស់នោះ គឺ​ចេញមក ពី​មាត់​របស់​ពួកគាត់​ពិតៗ ដោយសារតែ​ផឹក​គ្រឿង​ស្រវឹង ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular