Home ព័ត៌មានសំខាន់ៗ បាល់ទាត់​អឺរ៉...

បាល់ទាត់​អឺរ៉ុប​ពាក់កណ្តាល​សប្តាហ៍ ៖ Man U, Leicester រំពឹង​ឈ្នះ ខណៈ Barcelona ប៉ះ Sevilla ក្នុង Copa del Rey ជើង​ទី​២

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​ការប្រកួត​បាល់ទាត់​ជាច្រើន​គូ​នៅ​តំបន់​អឺរ៉ុប ក្នុងនោះ​រួមមាន​ទាំង​ការប្រកួត Copa del Rey នៅអេ​ស្ប៉ាញ និង Premier League របស់​អង់គ្លេស​ផងដែរ​។

​យើង​នឹង​លើកយក ៣ គូ​មក​វិភាគ​ដូចខាងក្រោម ៖

– EPL : Burnley vs Leicester City ៖ Burnley ជា​ក្រុម​យ៉ាប់​បំផុត​មួយ​នៅ EPL ក្នុង​ខណៈ​នេះ ហើយ​ឥឡូវ​ឈរ​លើ​តំបន់​កាត់ចោល​តែ​២​ខ្ទង់​ប៉ុណ្ណោះ​។

​ពួកគេ​ស៊ុត​បញ្ចូល​ទី​បានតែ ១៨ គ្រាប់​ប៉ុណ្ណោះ​គិត​មក​ទល់​ឥឡូវ ពី​ការប្រកួត ២៦ លើក ហើយ​ពួកគេ​កំពុង​លេង​អន់​ជាប់ៗ​គ្នា​ក្នុង​ទឹកដី​ខ្លួន​ឯង​ថែមទៀត​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​មក​នេះ​។

​ទន្ទឹមនេះ ក្រុម​កញ្ជោ​ង​ខៀវ Leicester អាច​ចាត់​ថា​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អង់គ្លេស ដោយ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង​ពិន្ទុ EPL​។

​ខណៈ​ចំណាត់ថ្នាក់​លេខ​១ អាច​នឹង​ពិបាក​តាម​យក ពួកគេ​អាច​ដាក់​គោលដៅ​យក​លេខ​២​ឆ្នាំ​នេះ​បាន ដោយសារ​ចាញ់​បិសាច​ក្រហម Man U តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។

​ក្រៅពីនេះ កូនក្រុម​របស់​លោក​ប្រេន​ដាន់ រ៉ូ​ជើ មាន​ប្រវត្តិ​ល្អ​ទល់នឹង Burnley រាប់​ឆ្នាំ​មកហើយ ដូច្នេះ​យើង​រំពឹង Leicester នឹង​ឈ្នះ​យប់​នេះ​។​

– EPL : Crystal Palace vs Man U ៖ ក្រុម​បិសាច​ក្រហម​ឈរ​នៅ​លេខ​២​ក្នុង​តារាង​ពិន្ទុ និង​កំពុង​ត្រូវបាន​ក្រុម​ជាច្រើន​ដេញតាម​ពីក្រោយ​ប្រកៀក​ប្រកិត​។

​យើង​អាច​និយាយបាន​ថា​បិសាច​ក្រហម​កំពុង​រង​សម្ពាធ​ខ្លាំង​នាពេល​បច្ចុប្បន្ន ហើយ​ចាំបាច់​ត្រូវ​រក​ពិន្ទុ​ឱ្យបាន​ច្រើន ព្រោះថា​ក្រុម​លេខ​៣ Leicester មាន​កាលវិភាគ​ងាយស្រួល​ជាង​ពួកគេ​។

​កូនក្រុម​របស់​លោក​អូ​ឡេ ហ្គា​ន់​ន័​រ សូល​ឃ្យែ ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ EPL រដូវ​កាល​នេះ ហើយ​ពួកគេ​លេង​មិន​ដែល​ចាញ់​នៅក្រៅ​ទឹកដី​ម្តងណា​ឡើយ​។

​ទន្ទឹមនេះ ក្រុម​ឥន្ទ្រី​ខៀវ Crystal Palace កំពុង​លេង​ឡើង​ចុះ​ត្រដាបត្រដួស ហើយ​របូត​ពិន្ទុ​ក្នុង​អត្រា​លឿន​ចាប់​មិន​ឈ្នះ​។

​ពួកគេ​មិន​អាច​សូម្បី​ធ្វើជា​ក្រុម​រឹងមាំ​មួយ​នៅក្នុង​ទឹកដី​ខ្លួន​ឯង និង​របូត​ច្រើន​គ្រាប់​ណាស់​នៅ​កីឡដ្ឋាន​ខ្លួនឯង​។ ជាងនេះទៀត បិសាច​ក្រហម​មាន​ប្រវត្តិ​ល្អ​ទល់នឹង Palace រាប់​ឆ្នាំ​មកហើយ​។​

​ផ្អែក​លើ​ហេតុផល​នេះ Manchester United រំពឹង​ឈ្នះ​យ៉ាង​ងាយស្រួល​នៅ​ទឹកដី Selhurst Park​។​

– Copa del Rey (​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២) : Barcelona vs Sevilla ៖ ក្រោយ​ចាញ់​នៅ​ជើង​ទី​មួយ​ក្នុង​លទ្ធផល ២-០ ក្រុម​អ្នក​មាន​បុណ្យ Barcelona ត្រូវ​មាន​បន្ទុក​ធ្ងន់ធ្ងរ​ដើម្បី​យកឈ្នះ Sevilla ឱ្យលើស​២​គ្រាប់​ទើប​សង្ឃឹម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Copa del Rey​។ Barcelona លេង​ឡើង​ចុះ​មិន​ទៀង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ក្រុម​អ្នក​មាន​បុណ្យ​ហាក់​រកឃើញ​ទម្រង់​ថេរ​ឡើងវិញ​។ អ្នក​មាន​បុណ្យ​នឹង​ប្រឹង​ស្តារ​ជ័យជម្នះ​មកវិញ ព្រោះ​ក្រុម​យក្ស​មួយ​នេះ​មិន​អាច​គ្មាន​ពានរង្វាន់​ក្នុង​រដូវ​កាល​នេះ​បាន​ឡើយ​។​

Sevilla ឯណេះ​វិញ​ទើប​ឈ្នះ​ពាន Super Cup ហើយ​ប្រហែល​អាច​ឈ្នះ​ពាន Copa del Rey មួយ​ថែមទៀត​។ ពួកគេ​ទើប​ចាញ់ ២ លើក​ក្នុងចំណោម ៥ លើក​ចុង​ក្រោយ​នៅ La Liga រួម​ទាំង​បរាជ័យ ២-០ ក្នុងផ្ទះ​ខ្លួនឯង​នៅ​ប្រកួត​ចុងក្រោយ​។ Sevilla ជា​ក្រុម​ល្បី​ខាង​ការពារ ប៉ុន្តែ​ពួកគេ​ការពារ​អន់​ពេល​មកដល់​ទឹកដី Camp Nou​។ តែ​ទោះ​យ៉ាងណា អារម្មណ៍​សម្រាប់​ការប្រកួត​ថ្ងៃនេះ​គឺ​ផ្សេង​ពី​មុន​។ យើង​រំពឹង Sevilla ប្រឹង​ទប់​យក​ស្មើ​ពី​ដើមតង់​រហូតដល់​ចប់​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ពាក់កណ្តាល​សប្តាហ៍ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular