នឹងបើកការដ្ឋានសាងសង់សំណង់ទី៦ស្ទាក់ទឹកស្ទឹងមង្គលបុរី នៅថ្ងៃទី៤ ខែមីនា ស្អែកនេះ

ដោយៈប.ខុន/ភ្នំពេញៈសំណង់ទី៦ស្ទាក់ទឹកស្ទឹងមង្គលបុរី ដែលសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង បានស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យលទ្ធភាពសាងសង់កាលពីពេលកន្លងទៅនោះ នឹងបើកការដ្ឋានសាង សង់នៅ ថ្ងៃទី៤ ខែមីនាឆ្នាំ២០២១ស្អែកនេះ។

លោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែមីនាថា សំណង់កាត់ក្បាលស្ទឹងមង្គលបុរី ជាប់ព្រំប្រទល់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិនដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃស្អែក ពេលនេះគឺ គ្រឿងចក្របម្រើឱ្យការសាងសង់ ដោយនាយកដ្ឋានវិស្វកម្មក្រសួង ធនធាន ទឹកនិងឧតុនិយបានមកដល់គោលដៅអស់ហើយ។

អ្នកនាំពាក្យរូបនេះនិយាយឱ្យដឹងថា កន្លែងគ្រោងបើកការសាង សង់សំណង់កាត់ស្ទឹងនេះ ធ្វើនៅក្រោមចំណុច ប្រសព្វរវាងស្ទឹងម្នាស់កល្ប (មកពីថៃ) និងស្ទឹងកុយ (មកពីប៉ៃលិន) នៃក្បាលស្ទឹងមង្គលបុរី អ្នកខ្លះហៅស្ទឹងបវេល ឬស្ទឹងកំរៀង តែជាផ្លូវការ គឺស្ទឹងមង្គលបុរី។

លោកចាន់ យុត្ថា បានឱ្យដឹងទៀតថាសំណង់ដែលនឹងត្រូវសាង សង់ នេះរួមមានសំណង់កាត់ស្ទឹងដោយមានទំនប់បង្ហៀរកម្ពស់ ៥ម៉ែត្រ (ពីបាទស្ទឹង) និង ប្រវែង៤០ម៉ែត្រ សំណង់ស្ពានសម្រាប់ចរាចរឆ្លងកាត់ប្រវែង៧១ម៉ែត្រ មានទ្វារទឹក ១៤សន្លឹក ស៊ីហ្វុងពីរនៅបាតស្ទឹង និង មានប្រឡាយមេនៅសងខាងស្ទឹងសំណង់ នេះ។ ប្រឡាយមេនេះម្ខាងបម្រើដល់ការស្រោចស្រព និងទឹកប្រើប្រាស់លើទឹកដី ខេត្តបាត់ដំបង និងម្ខាងទៀតលើទឹកដីខេត្តប៉ៃលិន។

លោកចាន់យុត្ថានិយាយឱ្យដឹងទៀតថាគម្រោងនេះ គឺដើម្បីបម្រើឲ្យការធ្វើកសិកម្ម និង ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

កន្លងទៅក្រសួងធនធានទឹក និងឧតុនិយមបានសាង សង់ សំណង់ កាត់ស្ទឹង និងរៀបចំប្រព័ន្ធស្រោច ស្រពនៅលើដងស្ទឹងមង្គលបុរីចំនួន៥ទីតាំងរួចមក ហើយ ក្នុងនោះមាន ប្រព័ន្ធតាហែន ប្រព័ន្ធបវេល ប្រព័ន្ធព្រៃខ្ពស់ប្រព័ន្ធពោធិ៍ពីរដើម និង ប្រព័ន្ធសិរីមង្គល ដែលបានទាញយកទឹកពីស្ទឹងមង្គលបុរី ទៅស្រោចស្រព លើផ្ទៃដីកសិកម្មប្រមាណ ២០ម៉ឺនហិកតា នៅក្នុងខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ហើយសំណង់ដែលនឹងចាប់ ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃស្អែកនេះ ជា សំណង់កាត់ស្ទឹងមង្គលបុរីទី៦។

លោកចាន់ យុត្ថា និយាយឱ្យដឹងផងដែរថាទឹកស សម្រាប់បង្កបង្កើនផលក៏ ដូចជាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅស្រុកកំរៀងជួបការលំបាកជា ខ្លាំង ជាពិសេសនៅរដូវប្រាំង។ សំណង់កាត់ស្ទឹងនេះសាងសង់ឡើងដោយថវិកាជាតិ ឯប្រព័ន្ធប្រឡាយមេសងខាងដាក់ចូលទៅក្នុងគម្រោងជំនួយរបស់បារាំង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular