ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
កេស
(កែស)
នាមសព្ទ
( បា. ) សក់, សក់ទាំងឡាយ ( ប្រើក្នុងរាជសព្ទ )
ព្រះកេស, ព្រះកេសា; ចម្រើនព្រះកេសាថ្វាយ គឺកាត់សក់ថ្វាយ; កោរព្រះកេសា គឺកោរសក់ ។
កេសរ
(កែ-ស)
នាមសព្ទ
( សំ. បា. ) លំអងផ្កា, កេសរផ្កា ។ សំណុំរោមវែងៗ ត្រង់កសត្វចតុប្បាទ មានសីហៈជាដើម ។
កេសរសីហៈ
(—សីហៈ)
នាមសព្ទ
( បា. ) សីហៈដែលមានកេសរ គឺសំណុំរោមវែងៗ ត្រង់ក ហៅ កេសររាជសីហ៍ ក៏បាន គឺកេសរសីហៈជាស្តេចនៃម្រឹគទាំងពួង ។
កេសា
(កេ— ឬ កែ—)
នាមសព្ទ
( ម. ព. កេស ) ។
សិរ
(សេ)
នាមសព្ទ
( បា.; សំ.ឝិរស៑ ) ក្បាល; ( រ. ស. ) : ព្រះសិរ ។ រងព្រះសិរ ខ្នើយសម្រាប់ក្សត្រិយ៍កើយ ។ កំពូល, ចុងខ្ពស់, ចុងប៉ូច ។ ខ្មែរហៅសាច់ដែលដុះ ( តាមសញ្ជាតិ ) ជាពកឬជាបន្ទះលើក្បាលសត្វពួកខ្លះមានមាន់ជាដើមថា សិរ ដែរ : សិរមាន់ ( សរសេរជា សេរ ក៏មាន; បុ.សរ. សិរស៍ ឬ សិរ្ស, សិរ្ស៍ ក៏មាន ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិរ៉ៈ, ដូចជា សិរកបាល ( –កៈប៉ាល ) អំបែងក្បាល, លលាដ៏ក្បាល ។ សិរតាណ ឬ –ត្រាណ គ្រឿងការពារក្បាល គឺ ដួន, មួក ។ សិរប័ដ ឬ សិរោវេដ្ឋន៍ ឈ្នួតក្បាល ។ សិរបីឌា ឬ –បីឡា ( –ប៉ី– ) ដំណើរឈឺក្បាល ។ សិរប្រណាម, សិរសាប្រណិប័ត ឬ –ប្រណិប័តន៍ ការឱនក្បាលសំពះ, ការក្រាបថ្វាយបង្គំ, ការងក់ក្បាលគំនាប់ ។ សិរសាដោយត្បូង ( ដោយក្បាល គឺឱនក្បាលគោរព ) ។ សិរោឃាត ឬ សិរោប្រហារ ( –រ៉ោ– ) ការវាយឬសំពងក្បាល ។ សិរោធរា ( –រ៉ោធៈរា ) សរីរាវយវៈដែលទ្រក្បាល ( ក ) ។ សិរោមណី ឬ សិរោរ័ត្ន ចូឡាមណី, ស្នៀតសក់ ដាំពេជ្រ ។ ល ។