Home ព័ត៌មានសំខាន់ៗ របប​យោធា​មី​យ...

របប​យោធា​មី​យ៉ាន់​ម៉ា​ចោទប្រកាន់​អ្នកកាសែត​៦​នាក់​

ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖ អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​អ្នក​ថតរូប​ម្នាក់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AP​របស់​អាម៉េរិក​និង​អ្នកកាសែត​៥​នាក់​ទៀត​ចំពោះ​ការ​យក​ព័ត៌មាន​អំពី​ការ​​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេធាវី​ម្នាក់​កាលពី​ថ្ងៃ​ពុធ​។​

​អ្នក​ថតរូប​សញ្ជាតិ​ភូមា លោក​ថេន ច អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​លោក​កំពុង​ថតរូប​និង​រាយការណ៍​អំពី​បាតុកម្ម​មួយ​នៅ​ទីក្រុង​យ៉ាងហ្គោន​។​មេធាវី​របស់​លោក បាន​និយាយថា លោក​និង​អ្នកកាសែត​៥​នាក់​ទៀត​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​«​បង្ក​ការភ័យខ្លាច ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ញុះញង់​និយោជិត​រដ្ឋាភិបាល​ដោយ​ផ្ទាល់ ឬ​ប្រយោល​»​។​

​សូមបញ្ជាក់​ថា របប​សឹក​ទើប​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​កាលពី​ខែ​មុន ដើម្បី​បង្កើន​ការ​ជាប់​ទោស​ពី​២​ទៅ​៣​ឆ្នាំ​។​

​មេធាវី​លោក​ទីន ហ្សា អ៊ូ បាន​និយាយថា​«​លោក ថេន ច ទំនង​បាន​កំពុង​រាយការណ៍​ព័ត៌មាន​ស្របតាម​ច្បាប់​សារព័ត៌មាន​។​លោក​មិន​បាន​ចូលរួម​ប្រឆាំង​តវ៉ា លោក​គ្រាន់តែ​ធ្វើ​ការងារ​របស់​លោក​»​។​

​ឥឡូវ​អ្នកកាសែត​ទាំង​៦​នាក់​កំពុង​ស្ថិត​នៅក្នុង​គុក​ធំ​អ៊ិន​សេន ក្នុង​ក្រុង​យ៉ាងហ្គោន​។​

​អ្នកកាសែត​៥​រូប​ទៀត​មក​ពី​សារព័ត៌មាន Myanmar Now ទីភ្នាក់ងារ​ថតរូប​មី​យ៉ាន់​ម៉ា​Myanmar Photo Agency សារព័ត៌មាន 7Day News, Zee Kwet Online​និង​អ្នកសារព័ត៌មាន​មិន​​មាន​អង្គភាព​ជាក់លាក់​ម្នាក់​។​

​ចាប់តាំងពី​រដ្ឋប្រហារ អាជ្ញាធរ​បាន​បង្កើន​យុទ្ធវិធី​បង្ក្រាប​អ្នក​ប្រឆាំង​តវ៉ា​ជា​បណ្តើរៗ​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក បាញ់​ទឹក បាញ់កាំភ្លើង​គ្រាប់​ជ័រ និង​ថែម​ទាំង​កាំភ្លើង​គ្រាប់​ពិត​ថែមទៀត​។​ថ្ងៃអាទិត្យ​​កន្លង​ទៅ​ជា​ថ្ងៃ​បង្ហូរឈាម​ខ្លាំង​បំផុត ដោយ​ទីភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​អះអាង​ថា​អ្នក​ប្រឆាំង​តវ៉ា​១៨​នាក់​ត្រូវបាន​សម្លាប់​។​

​សូមបញ្ជាក់​ថា​អ្នកកាសែត​៣៦​នាក់​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​២​ពាន់​នាក់​ដែល​ត្រូវ​ចាប់ខ្លួន តែ​តាំងពី​មុន​មក​ត្រូវបាន​ដោះលែង​វិញ​ចំនួន​១៥​នាក់​៕

​អ្នក​ថតរូប​សញ្ជាតិ​ភូមា លោក​ថេន ច ថត​ក្នុងអំឡុងពេល​យក​ព័ត៌មាន​ស្តីពី​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​ក្រុង​យ៉ាងហ្គោន នៅ​មួយ​ថ្ងៃមុន​លោក​ត្រូវ​ចាប់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular