ដោយៈ ជា សីហៈ ៖ លោក តំណាងរាស្ត្រ ហ៊ុន ម៉ានី នៅថ្ងៃនេះ បានអបអរសាទរទិវាវប្បធម៌ ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ។
លោកបានអះអាងតាមបណ្តាញសង្គមថា ” ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមចូល រួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ” ។
លោកបានថ្លែងថា ទោះបីជាកាលៈទេសៈនេះយើងមិនអាចប្រារព្ធពិធីនានាក្នុង សហគមន៍បាន តែតាមរយៈស្មារតីនៃភាពជាខ្មែរ (Cambodianess) របស់យើងម្នាក់ៗដែល តែងតែមាន បានជំរុញឲ្យខ្មែរម្នាក់ៗប្រារព្ធ និងអបអរសាទរទិវាវប្បធម៌នាថ្ងៃនេះ រៀងៗខ្លួន ដើម្បីឧទ្ទិសដល់សាវតាដ៏រុងរឿងគួរជាទីស្ញប់ស្ញែងនៃព្រះរាជាណាចក្រកម្ពុជា ដែលជា ប្រទេសប្រកបដោយវប្បធម៌ អរិយធម៌សម្បូរបែបក្នុងតំបន់អាស៊ី និងលើពិភពលោក។
លោកបានបន្តទៀតថា កន្លងមកនេះ យុវជនកម្ពុជា ជាពិសេសក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សា ប្រណិប័តន៍ យ៉ាងខ្ជាប់ខ្ជួននូវ វប្បធម៌ ប្រពៃណីនិងឈានដល់ការបង្ហាញភាពអស្ចារ្យនានានៃវប្បធម៌ខ្មែរ លើឆាកអន្តរជាតិ តាមរយៈការរៀបចំ និងគាំទ្រកម្មវិធីនានាដូចជា៖ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ (នៅប្រទេសសិង្ហបុរី) ការសម្តែងរឿងព្រះវេសន្ត ជាតក ការនាំត្រឡប់មកវិញនូវគ្រឿងអលង្កាបុរាណខ្មែរ ព្រឹត្តិការណ៍បំបែកកំណត់ត្រាជាតិ និងពិភពលោក ព្រមទាំងការបង្ហាញសមត្ថភាពផ្សេងៗរបស់យុវជនស.ស.យ.ក. យើងជា ច្រើនបែប ច្រើនសណ្ឋានក្នុងកម្មវិធីជាតិ និងអន្តរជាតិ។
លោកបានបន្តទៀតថា ទឹកចិត្តនៃការចូលរួមទាំងអស់បានបង្ហាញពីក្តីស្រឡាញ់ស្មារតី ស្នេហាជាតិ ស្នេហាវប្បធម៌ជាតិ ដែលរួមចំណែកដល់ការអភិរក្ស ការផ្សព្វផ្សាយ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ ក៏ដូចជាសុខដុមនីយកម្មនៃប្រជាជាតិកម្ពុជា។ ជាមួយការ ចូលរួមអបអរសាទរនៅថ្ងៃនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់យុវជនទាំងអស់បន្តថែរក្សា អត្តសញ្ញាណ និងស្នាដៃបុព្វបុរស ហើយឈានដល់ការច្នៃប្រឌិតថ្មី ដើម្បីពង្រីកសេដ្ឋកិច្ច វប្បធម៌ជាតិឲ្យកាន់តែលេចធ្លោ៕/PC