Home ព័ត៌មានសំខាន់ៗ អាជ្ញាធរ​កោះក...

អាជ្ញាធរ​កោះកុង មានបំណង​លើក​សម្រស់ ចេតិយ ឃុន​ឆាង ឃុន​ផែន​

ដោយៈ សុ​ផានី​តា / កោះកុងៈ តំបន់​បូជនីយដ្ឋាន​ប្រ​វត្ថិ​សាស្ត្រ ប្រចាំខេត្ត​កោះកុង គឺ​ចេតិយ ឃុន​ឆាង ឃុន​ផែន នឹង​បង្កើន​ការ​បង្អួត​សម្រស់​បន្ថែម ខណៈ​អាជ្ញាធរខេត្ត មន្ទីរជំនាញ ពាក់ព័ន្ធ កំពុង​មូលមតិ​សិក្សា ជួសជុល​កែលម្អ ឱ្យ​ល្អប្រសើរ​។​

​លោក ឃឹម ច័ន្ទ​ឌី អភិបាលរង​ខេត្តកោះកុង បាន​ដឹកនាំ​ប្រធាន​មន្ទីរជំនាញ អាជ្ញាធរ ស្រុក​មណ្ឌលសីមា និង​មេឃុំ​ប៉ាក់​ខ្លង បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​មួយ លើ​ការងារ​រៀបចំ ថែទាំ​កែលម្អ​ចេតិយ ឃុន​ឆាង ឃុន​ផែន ដែល​ស្ថិត​ភូមិ​នាង​កុក​។​

​អ្វីដែល​លោក​អភិបាលរង​ខេត្ត ឱ្យដឹង​នៅ​រសៀល ថ្ងៃទី​៣ ខែមីនា ២០២១ នេះ គឺ​រដ្ឋបាល ខេត្ត មានបំណង​កៀងគរ​មូលនិធិ ជួយ​កែលម្អ​ជួសជុល លើកកម្ពស់​តំបន់​ទេសចរណ៍ បែប​ប្រ​វត្ថិ​សាស្ត្រ ចេតិយ​ឃុន​ឆាង ឃុន​ផែន អោយ​សក្តិសម​ជាទីគោរព​បូជា​សក្ការៈ ក៏ដូចជា បង្កើន​ភាព​ទាក់ទាញ ដល់​អស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មកលេង​កម្សាន្ត គ្រប់​រដូវ​កាល​។​

​បើតាម​លោក ឃឹម ច័ន្ទ​ឌី ជំហាន​ដំបូង ចាំបាច់​ពង្រឹង​ការគ្រប់គ្រង តំបន់​រមណីយដ្ឋាន មួយ​នេះ អោយមាន​អនាម័យ​បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និង​ចំណត​យានយន្ត ឱ្យ​ល្អ​ជាមុនសិន ខណៈ​នៅ​មិនទាន់​ចងក្រង ជា​សហគមន៍ ជា​ផ្លូវការ​ណាមួយ​ទេ ដោយ​ប្រគល់​ភារកិច្ច ទៅ​មន្ទីរ​វប្បធម៌ និង​រដ្ឋបាល ស្រុក​មណ្ឌលសីមា ទទួលខុសត្រូវ តាមដាន​, បន្តម​កទៀត នឹង​ពិនិត្យ​រាល់​លទ្ធភាព ជួសជុល​ស្ពាន ដែល​ធ្វើដំណើរ ទៅកាន់​ចេតិយ ដោយសារ​គុណភាព សំណង់​ស្ពាន ដែលមាន​ស្រេច​នោះ​វាចា​ស់​ទ្រុឌ ទ្រោម​ខ្លាំង​ទៅហើយ​។​

​លោក​អភិបាលរង ខេត្តកោះកុង បាន​បន្ថែមថាៈ ដោយ​កៀក​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ទៅហើយនោះ តាម​គម្រោង គឺ​ជួសជុល​ចំណុច​បាក់បែក​នៃ​ស្ពាន ជាបឋម​សិន​នៅ ខែមីនា​តទៅ លុះដល់​ខែវស្សា ទើប​ពិភាក្សា អភិវឌ្ឍន៍​បន្តទៀត​។​

​ចំណែកឯ លោកស្រី សំបូរ សោភា ប្រធានស្តីទី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកោះកុង បានលើកឡើង​ថាៈ បច្ចុប្បន្ន រាល់​ការចូល​គោរពបូជា និង​ទស្សនា នៅ​រមណីយដ្ឋាន ប្រ​វត្ថិ​សាស្ត្រ​ចេតិយ ឃុន​ឆាង ឃុន​ផែន ពុំទាន់​រៀបចំ​បានល្អ ប្រសើរ​នៅឡើយ​ទើប សម្រាប់​ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត ផ្តើម​គិត​ធ្វើយ៉ាងណា បង្កើន​សោភ័ណភាព ឱ្យ​កាន់តែ​ទាក់ទាញ​ឡើងវិញ​។​

​លោកស្រី សំបូរ សោភា អះអាងថា ការចូល​ទស្សនា​មិន​តម្រូវឱ្យ​បង់​ថវិកា​អ្វី​ទេ​តែ​អ្វីដែល ពិបាក​យើង​មិនទាន់មាន​ចំណតរថយន្ត​ត្រឹមត្រូវ រីឯ​ការ​ទុក​សំរាម​វិញ មាន​ភាពខ្វះខាត​។ តប​នឹង​ការប្រគល់​ភារកិច្ច​មក លោកស្រី នឹង​សហការ​ជាមួយ រដ្ឋបាល​ស្រុក​មណ្ឌលសីមា រិះរក​ដំណោះស្រាយ សមស្រប​ណាមួយ ទៅតាម​គម្រោង​អភិវឌ្ឍន៍ និង​អភិរក្ស​៕/V​-PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular