Home ព័ត៌មានជាតិ នយោបាយ សមត្ថកិច្ច​យក...

សមត្ថកិច្ច​យក​ដីកា​ឲ្យ​ដំណឹង​អំពី​សាលក្រម​ផ្តន្ទាទោស សម រង្ស៊ី និង​បក្ខពួក​បិទ​នៅ​សាលាសង្កាត់​ចាក់អង្រែលើ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមត្ថកិច្ច​បាន​យក​ដីកា​ឲ្យ​ដំណឹង​អំពី​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​មេក្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត និង​បក្ខពួក​ចំនួន ៨​នាក់ ទៅ​បិទ​នៅផ្ទះ​ជនជាប់ចោទ និង​សាលាសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នៅ​រសៀល​ថ្ងៃទី​៣ ខែមីនា​នេះ​។

​តុលាការ​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​មេក្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ផងដែរ​។ ចំណែក​បក្ខពួក​ចំនួន ៨​នាក់​ទៀត ត្រូវបាន​ផ្តន្ទាទោស​ពី ២០​ឆ្នាំ ទៅ ២២​ឆ្នាំ​។

​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី និង​បក្ខពួក ត្រូវបាន​ចោទប្រកាន់​ពីបទ ឧបឃាត ឬ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាមរយៈ​ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​វិញ​របស់​សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


​តុលាការ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស សម រ​ង្ស៉ី ជាប់ពន្ធនាគារ​រយៈពេល ២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​។ ចំណែក​លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ២២​ឆ្នាំ​។ រីឯ​លោក ហូរ វ៉ាន លោក ឡុង រី លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក នុត រំដួល និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ឱ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ផងដែរ​។​

​យោងតាម​មាត្រា ៤៥១ ៖ បទ​ឧបឃាត គឺជា​ការប្រព្រឹត្ត​អំពើហិង្សា​មួយ ឬ​ច្រើន ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​បូរណភាព​នៃ​ដែនដី​ជាតិ​។ បទ​ឧបឃាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ តុលាការ​បានចេញ​ដីកា​ឲ្យ​ចាប់ខ្លួន សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង ចំនួន​៨​រូប​ផ្សេងទៀត​។ ដីកាចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោម​បទ​ចោទ «​ឧបឃាត​» ឬ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» តាមរយៈ​ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​វិញ​របស់ សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ មនុស្ស​ទាំង​៩​នាក់​នេះ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៥៣៦ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ពីបទ «​ឧបឃាត​» តាម​មាត្រា ២៧ និង​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ ជា​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ផ្តួលរំលំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ឧបាយកល​ជា «​ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី​» ដោយមាន​ការអំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular