ដោយៈ ពៅនិមល / ភ្នំពេញៈ ខណៈដែលវីរុសកូវីដ ១៩ នៅតែមានវត្តមាននៅឡើយ ក្នុងប្រទេសកម្ពុជា ជាពិសេសក្រោយផ្ទុះព័ត៌មាន វិជ្ជមានកូវីដ ទៅលើកម្មករ ដែលធ្វើការនៅរោងចក្រកាត់ដេរ ម្តុំព្រៃកជ្រៃ ក្នុងខណ្ឌដង្កោ ទន្ទឹមនេះ បានមើលឃើញថា នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងរាជធានីភ្នំពេញ បានបង្កើនការប្រុងប្រយ័ត្ន ទៅដល់កម្មករ និយោជិត ក្នុងម៉ោងបំពេញការងារ។
ជួបសម្ភាសន៍ផ្ទាល់ រវាងរស្មីកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ អ្នកនាង ហែម ផារី អនុប្រធានរដ្ឋបាល នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ អេស អិល ជេ (ខេមបូឌា) បានឱ្យដឹងថាៈ គិតមកដល់បច្ចុប្បន្ននេះ ក្រោយករណីផ្ទុះ លើកដំបូង នៃជំងឺឆ្លងកូវីដ១៩ ក្នុងរោងចក្រ អ្នកនាង មិនការកើតមាន ឬសង្ស័យនោះទេ ដោយសារថា កម្មករ និយោជិតទាំងអស់ សុទ្ធតែបានដឹង និងយល់អំពីហានិភ័យ នៃជំងឺដ៏កាចសាហាវមួយនេះ និងការពារជាប់ជានិច្ច នៅមុន និងក្រោយ ចប់ការងារ ប្រចាំថ្ងៃ។
ដោយឡែក អ្នកនាង អ៊ុក លីឡា ជំនួយការរដ្ឋបាល នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ប្រឹភីសីស (ខេមបូឌា) ហ្គាមេន អ៊ិលធីឌី ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានអះអាងថាៈ គិតចាប់ពីវត្តមានកូវីដ១៩ កើតឡើង រហូតមកទល់ពេលនេះ ខាងរោងចក្រ តែងតែចុះណែនាំ និងរម្លឹកដល់កម្មករ និយោជិត ជាប់ជានិច្ច អំពីបង្ការការពារ ក៏ដូចជា បានរៀបចំនូវ ការស្ទង់កម្តៅ បាញ់ទឹកអាល់កុល និងរៀបចំជាកន្លែងលាងសម្អាតដៃ នៅតាមមាត់ច្រកចេញចូលអគារ ដើម្បីឱ្យបងប្អូនកម្មករ និយោជិត លាងសម្អាតដៃ មុន និងក្រោយបំពេញការងារ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមកម្មករ កម្មការនី បានអំពាវនាវឱ្យចូលរួមទប់ស្កាត់ និងបន្តអនុវត្ត តាមការណែនាំរបស់ រដ្ឋាភិបាលទាំងអស់គ្នា ពិសេសគោរព តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដូចជា រក្សាគម្លាតសង្គម ពាក់ម៉ាស និងលាងដៃជាប់ប្រចាំ ជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ដើម្បីចៀសវាងពីការឆ្លង ឬកើតមានជំងឺកូវីដ ១៩។
គិតត្រឹមព្រឹក ថ្ងៃទី៣ ខែមីនា នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា អ្នកឆ្លងថ្មីវីរុសកូវីដ ១៩ ចំនួន ៣៤ នាក់ ដែលសុទ្ធសឹងជាប់ពាក់ព័ន្ធ ទៅព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។ ដោយឡែក អ្នកឆ្លងវីវុសកូវីដ ១៩ សរុបចំនួន ៨៧៨ នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយ ចំនួន ៤៨២ នាក់ និងកំពុងសម្រាកព្យាបាល សរុបចំនួន ៣៩៦ នាក់៕/V