ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើ (១) របៀបវារៈសម្រាប់កិច្ចប្រជុំក្រុមជំនាញ រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី (គ.ស.អ.អ) , (២) បទបង្ហាញ ស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា (៣) សេចក្តីព្រាងសង្ខេបលទ្ធផល នៃកិច្ចពិភាក្សា (Summary of Discussion) និង (៤) សំណួរពាក់ព័ន្ធបញ្ហាបច្ចេកទេស សម្រាប់ពិភាក្សា ជាមួយក្រុមជំនាញ គ.ស.អ.អ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន៩ និងអ្នកចូលរួមប្រមាណ ២០ រូប។
លោកអនុរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានជម្រាបជូន អំពីគោលបំណង នៃកិច្ចប្រជុំ គឺពិនិត្យលើវឌ្ឍនភាពការងារ និងប្រមូលធាតុចូលនានា ពីអន្តរក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំក្រុមជំនាញ រវាងកម្ពុជា និង គ.ស.អ.អ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
លោក សំហេង បូរ៉ា បានជម្រាបជូនអង្គប្រជុំ ឱ្យបានជ្រាប អំពីសាវតា និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគ.ស.អ.អ កន្លងមក។
អង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ លើរបៀបវារៈ នៃកិច្ចប្រជុំ រួមមាន៖ (១) បទបង្ហាញស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា (២) សេចក្តីព្រាងសង្ខេបលទ្ធផល នៃកិច្ចពិភាក្សា (Summary of Discussion) និង(៣) របៀបវារៈសម្រាប់កិច្ចប្រជុំក្រុមជំនាញ រវាងកម្ពុជា និង គ.ស.អ.អ ផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៦៖ (១) នីតិវិធីគយ (២) បច្ចុប្បន្នភាព នៃប្រព័ន្ធអនុគ្រោះពន្ធ របស់ EEC ផ្តល់ជូនកម្ពុជា និងនីតិវិធីនៃដំណើរការ បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងភាគីទាំងពីរ (៣) វិធានអនាម័យ និងភូតគាមអនាម័យ (៤) សកម្មភាពពាក់ព័ន្ធសហគ្រិនភាព (៥) គោលនយោបាយ កសិ-ឧស្សាហកម្ម និង(៦)ការដឹកជញ្ជូន។
លោក សំហេង បូរ៉ា បានស្នើឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បញ្ជូនបទបង្ហាញសង្ខេបរបស់ខ្លួន (ដែលបានកែសម្រួលរួច) មកក្រសួងពាណិជ្ជកម្ម ឱ្យទាន់ពេលវេលាកំណត់ និងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមជំនាញ រវាងកម្ពុជា និង គ.ស.អ.អ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ឱ្យបានគ្រប់ៗគ្នា៕/V