ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខា ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមន្តរាយ សហកាជាមួយអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យ និងវាយតម្លៃជាបន្ទាន់ នូវផលប៉ះពាល់ ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅក្នុងស្រុកចំនួន៣ គឺស្រុករុក្ខគីរី ស្រុកមោងឫស្សី និងស្រុកបាណន់។
លោក បណ្ឌិត ប៊ុត គឹមស៊ាន បានបញ្ជាក់ថាៈ កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មានភ្លៀងកក់ខែ លាយឡំនឹងខ្យល់កន្ត្រាក់ ប៉ះពាល់ស្រុកចំនួន ៣ លើឃុំ ចំនួន៦ ក្នុងភូមិ ១៣ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ៧៦ ខ្នងផ្ទះ, ប៉ះពាល់ធ្ងន់ធ្ងរ ចំនួន ១៥ ខ្នងផ្ទះ, មធ្យមចំនួន ១៩ ខ្នងផ្ទះ និងស្រាលចំនួន ៤២ ខ្នងផ្ទះ រួមមានៈ
(១) ស្រុករុក្ខគីរី ប៉ះពាល់ឃុំចំនួន ៤ លើភូមិចំនួន ១១ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុប ៧២ ខ្នងផ្ទះ សាលារៀន ១
ខ្នង រងគ្រោះធ្ងន់ធ្ងរ ចំនួន ១៣ ខ្នង រងគ្រោះមធ្យម ចំនួន ១៩ ខ្នងផ្ទះ និងរងគ្រោះស្រាល ចំនួន ៤០ ខ្នងផ្ទះ សាលារៀន១ ។ (២) ស្រុកមោងឫស្សី ប៉ះពាល់ ១ ឃុំ លើ១ភូមិ រងផលប៉ះពាល់សរុប ៣ ខ្នងផ្ទះ ទាំងស្រុង ១ ស្រាល ២ខ្នង។ (៣) ស្រុកបាណន់ ប៉ះពាល់១ខ្នងផ្ទះទាំងស្រុង ក្នុងឃុំតាគ្រាម ស្រុកបាណន់ និងបានបង្កឲ្យដួលរលំ ខូចខាតដំណាំស្វាយ និងតាង៉ែន ជាច្រើនដើមផង។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរ និងមធ្យមសរុប ៣២ គ្រួសារ នៅស្រុករុក្ខគីរី។ ដោយឡែក ៤៤ គ្រួសារ អនុសាខាស្រុក និងសហការជាមួយ ក្រុមការងារចុះជួយឃុំ ជាបន្តបន្ទាប់ទៀត៕/V