ដោយ: ជា សីហៈ/ភ្នំពេញ: យោងតាមរបាយការណ៍ស្តីអំពីប្រភេទត្រីទឹកសាបនៅលើពិភពលោក (World’s Forgotten Fish) ដែលចេញផ្សាយដោយអង្គការអភិរក្សចំនួន ១៦ នៅលើសកលលោក ត្រីទឹកសាបជាច្រើនប្រភេទនៅលើពិភពលោក មានសារសំខាន់សម្រាប់សុខភាព សន្តិសុខស្បៀង និងជីវភាពរបស់មនុស្សរាប់លាននាក់ ប៉ុន្ដែត្រីទាំងនេះបាននិងកំពុងរងការគម្រាមកំហែងកាន់តែខ្លាំងឡើង ហើយមួយភាគបីនៃប្រភេទត្រីទាំងនេះកំពុងទទួលរងការផុតពូជ។
របាយការណ៍នេះបានពណ៌នាលម្អិតពីប្រភេទត្រីទឹកសាបដ៏អស្ចារ្យជាច្រើនប្រភេទ រួមទាំងប្រភេទត្រីដែលទើបតែស្រាវជ្រាវរកឃើញថ្មីៗ សរុបប្រមាណជា ១៨.០៧៥ ប្រភេទ ដែលជាចំនួនច្រើនជាងពាក់កណ្ដាលនៃប្រភេទត្រីទាំងអស់ក្នុងពិភពលោក ហើយស្មើនឹងមួយភាគបួននៃប្រភេទសត្វឆ្អឹងកងទាំងអស់នៅលើភពផែនដីនេះ។ ធនធានត្រីទឹកសាបដ៏ច្រើនសម្បូរបែបនេះមានសារសំខាន់ណាស់សម្រាប់គុណភាពទន្លេ បឹង និងតំបន់ដីសើមនៅលើពិភពលោក និងគាំទ្រដល់សង្គមនិងសេដ្ឋកិច្ចទូទាំងសកលលោក។
ធនធានជលផលទឹកសាប គឺជាប្រភពប្រូតេអ៊ីនចម្បងបំផុតសម្រាប់មនុស្ស ២០០ លាននាក់ នៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង ព្រមទាំងជាប្រភពផ្ដល់ការងារ និងរបរចិញ្ចឹមជីវិតដល់មនុស្សចំនួន ៦០ លាននាក់ ផងដែរ។ ទិន្នផលត្រីទឹកសាបច្រើនសម្បូរបែប ក៏ជួយទ្រទ្រង់ដល់ឧស្សាហកម្មធំៗរបស់សកលលោកចំនួនពីរប្រភេទ៖ ការនេសាទត្រីបែបកំសាន្ដមានទំហំទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ខណៈការចិញ្ចឹមត្រីសម្រាប់លម្អដែលកំពុងពេញនិយមបំផុតលើពិភពលោក ក្លាយជាការរួមចំណែកពាណិជ្ជកម្មពិភពលោកដែលមានតម្លៃដល់ទៅ ៣០ ពាន់លានដុល្លារអាមេរិក។
ទន្លេមេគង្គដែលជាទីជម្រករបស់ត្រីទឹកសាបចំនួនជាង ១.១០០ ប្រភេទ គឺជាទន្លេមួយដែលមានផលិតភាពធនធានត្រីទឹកសាបច្រើនជាងគេបំផុតក្នុងចំណោមទន្លេផ្សេងទៀតលើពិភពលោក។ បច្ចុប្បន្ន ប្រជាជនកម្ពុជាទទួលបានប្រូតេអ៊ីនប្រមាណ ១៦ ភាគរយពីការបរិភោគសាច់ និងសារធាតុប្រូតេអ៊ីនចំនួន ២៨ ភាគរយ ពីការបរិភោគត្រីទឹកសាបដែលមានប្រភពមកពីអាងទន្លេមេគង្គ។ របាយការណ៍ទិន្នផលត្រីប្រចាំឆ្នាំដែលចេញផ្សាយក្នុងឆ្នាំ២០១៧ ដោយរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា វិស័យជលផលកម្ពុជាបានរួមចំណែកចំនួន ៨ ភាគរយ ទៅដល់ផលិតផលក្នុងស្រុកសរុប (GDP)។
ប៉ុន្តែត្រីទឹកសាបនៅបន្តទទួលបានការផ្ដល់តម្លៃទាប និងមិនទទួលបានការយកចិត្តទុកដាក់ ដែលជាហេតុនាំឱ្យត្រីទឹកសាបរាប់ពាន់ប្រភេទកំពុងតែឈានទៅរកការវិនាសផុតពូជ។ ជីវៈចម្រុះទឹកសាបកំពុងទទួលរងការធ្លាក់ចុះទ្វេដងនៃអត្រាធ្លាក់ចុះនៃជីវៈចម្រុះសមុទ្រនិងព្រៃឈើ។ ជាក់ស្តែង ត្រីទឹកសាបចំនួន ៨០ ប្រភេទ ត្រូវបានចាត់ជា”ប្រភេទផុតពូជ” ក្នុងបញ្ជីក្រហមនៃប្រភេទសត្វទទួលរងគ្រោះ របស់សហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងនោះរួមមានទាំងត្រីទឹកសាបចំនួន ១៦ ប្រភេទ ដែលបានកត់ត្រាជាប្រភេទផុតពូជក្នុងឆ្នាំ២០២០ ផងដែរ។ ទន្ទឹមនឹងនេះ ចំនួនត្រីទឹកសាបដែលជាប្រភេទត្រីបន្លាស់ទី បានធ្លាក់ចុះ ៧៦ ភាគរយ ចាប់តាំងពីឆ្នាំ១៩៧០ ហើយពពួកត្រីមេពូជបានធ្លាក់ចុះ ៩៤ ភាគរយ។
លោក ស្ទួត អរ (Stuart Orr) នាយកកម្មវិធីធនធានទឹកសាបអន្តរជាតិនៃអង្គការ WWF មានប្រសាសន៍ថា៖ “ទន្លេ បឹង និងតំបន់ដីសើមនានានៅក្នុងពិភពលោក ជាកន្លែងដែលទទួលរងការខូចខាតធនធានធម្មជាតិធ្ងន់ធ្ងរជាងគេទាំងអស់ ហើយសញ្ញាយ៉ាងច្បាស់បំផុតនៃការខូចខាតធនធានធម្មជាតិទាំងនេះ គឺការធ្លាក់ចុះចំនួនត្រីទឹកសាបយ៉ាងឆាប់រហ័ស។ ការធ្លាក់ចុះនេះជាការប្រកាសអាសន្នសម្រាប់ធនធានទឹកសាប ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត។”
យោងតាមការវាយតម្លៃបឋមស្តីអំពីការជួញដូរត្រីនិងនេសាទខុសច្បាប់ឆ្នាំ២០២០ របស់អង្គការ WWF- កម្ពុជា បានបង្ហាញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីក្របី ត្រីខ្លា ត្រីត្រចៀកដំរី និងត្រីបបែលទឹកសាប ក្នុងចំណោមត្រី ៣៥ ប្រភេទ ផ្សេងទៀត ត្រូវបានគេជួញដូរ និងលក់តាមទីផ្សារក្នុងប្រទេសកម្ពុជា ក៏ដូចជានាំចេញទៅលក់នៅប្រទេសជិតខាង។ ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទទទួលរងគ្រោះជិតផុតពូជបំផុតទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា ចំណែកឯត្រីក្របី ត្រីខ្លា និងត្រីត្រចៀកដំរីត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។
លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា៖ “ត្រីទឹកសាបទាំងនេះមានសារសំខាន់ណាស់សម្រាប់សហគមន៍មូលដ្ឋាន ប៉ុន្តែត្រីទាំងនេះមិនសូវទទួលបានការផ្តោតការយកចិត្តទុកដាក់។ ត្រីទាំងនេះមានសារសំខាន់ចាំបាច់សម្រាប់សុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ីទឹកសាបទាំងមូល ដែលមនុស្ស និងជីវិតនៅលើផែនដីទាំងអស់ពឹងអាស្រ័យ។ សារសំខាន់ទាំងអស់នេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់និង ដល់ចងចាំជានិច្ច។”
របាយការណ៍ បានគូសបញ្ជាក់អំពីកត្តាគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធអេកូឡូស៊ីទឹកសាប និងត្រីទឹកសាប រួមមានការនេសាទហួសកម្រិតនិងការប្រើប្រាស់មធ្យោបាយនេសាទបែបបំផ្លិចបំផ្លាញ ការបំផ្លាញទីជម្រក ទំនប់វារីអគ្គីសនីកាត់ដងទន្លេ ការប្រើប្រាស់បរិមាណទឹកហួសកម្រិតសម្រាប់ការស្រោចស្រព និងការបំពុលដែលមានប្រភពចេញពីការប្រើប្រាស់ទឹកតាមគេហដ្ឋាន ការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្មនិងឧស្សាហកម្ម។ បន្ថែមលើនេះទៀត ត្រីទឹកសាបកំពុងតែទទួលរងនូវហានិភ័យពីការហូរចូលប្រភេទត្រីរាតត្បាតមកពីប្រភពខាងក្រៅ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាការបូមខ្សាច់ដែលគ្មាននិរន្ដរភាព និងបទល្មើសសត្វព្រៃផងដែរ។
សេចក្ដីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្យាការសាងសង់ទំនប់វារីអគ្គីសនីរយៈពេល ១០ឆ្នាំ កាត់ទន្លេមេគង្គ បានទទួលការកោតសរសើរជាច្រើន។ ការដាក់បញ្ចូលត្រីទឹកសាបទៅក្នុងសេចក្តីសម្រេចចិត្តនានាក្នុងផែនការអភិវឌ្ឍ គឺជាគំរូនៃការគ្រប់គ្រងដ៏ប្រសើរបំផុត៖ កត្តានេះត្រូវតែក្លាយជាគោលការណ៍សម្រាប់ការគ្រប់គ្រង។ លោក សេង ទៀក មានប្រសាសន៍ថា៖ “ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រទេសកម្ពុជាគឺជាគំរូមួយសម្រាប់ប្រទេសដទៃទៀត ក្នុងការទទួលស្គាល់ថាទន្លេដែលមានលំហូរតាមធម្មជាតិ ផ្ដល់នូវសារៈប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានដល់មនុស្ស និងប្រភេទសត្វជាច្រើនដែលពឹងអាស្រ័យលើវា។”
តាមរបាយការណ៍ដដែលនេះ កត្តាគម្រាមកំហែងមានច្រើន ប៉ុន្ដែក៏មានដំណោះស្រាយច្រើនដូចគ្នា ហើយឆ្នាំ២០២១ ជាក្ដីសង្ឃឹមដល់ពិភពលោកក្នុងការកែប្រែស្ថានភាពនៃការធ្លាក់ចុះចំនួនត្រីទឹកសាបអស់រយៈពេលជាច្រើនទសវត្សកន្លងទៅនេះឱ្យប្រសើរឡើងវិញ។ ពិភពលោកត្រូវក្ដោបឱកាសនេះដើម្បីធានានូវការអនុវត្តកិច្ចព្រមព្រៀងធនធានធម្មជាតិសកល នៅក្នុងក្របខណ្ឌនៃសន្និសិទសន្និបាតអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ (CBD) នៅទីក្រុងគុនមីង ប្រទេសចិន។
លោក ស្ទួត អរ មានប្រសាសន៍ថា៖ “អ្វីដែលពួកយើងត្រូវការឥឡូវនេះ គឺការទទួលស្គាល់នូវគុណតម្លៃរបស់ត្រីទឹកសាប និងធនធានជលផលទឹកសាប ដើម្បីឱ្យរដ្ឋាភិបាលកំណត់ការអនុវត្តគោលដៅនិងដំណោះស្រាយថ្មីៗ ក៏ដូចជាការកំណត់អាទិភាពក្នុងកិច្ចការពារ និងការស្ដារប្រព័ន្ធអេកូឡូស៊ីទឹកសាបឡើងវិញ។ យើងទាំងអស់គ្នាត្រូវការភាពជាដៃគូនិងភាពច្នៃប្រឌិត តាមរយៈចំណាត់ការសកម្មភាពរួម ដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកវិនិយោគ សង្គមស៊ីវិល និងសហគមន៍៕”