Home ព័ត៌មានជាតិ សន្តិសុខ ដឹងការពិតហើយ ...

ដឹងការពិតហើយ ! ឃាតកម្មអសម្លាប់នារីស្រស់ស្អាតក្នុងបន្ទប់ជួល ជាករណីប្លន់រំលោភ

ដោយៈ មុនីរ័ត្ន,ប.ជ័យ/ភ្នំពេញៈ ដឹងការពិតហើយ ករណីឃាតកម្មសម្លាប់នារីស្រស់ស្អាតម្នាក់នៅក្នុងបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាយប់ថ្ងៃទី២ ខែមីនា គឺជាករណីប្លន់រំលោភសម្លាប់ ដែលជាឃាតកម្មមួយដ៏សាហាវព្រៃផ្សៃ។ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យបានហើយ និងកំពុងតាមចាប់ខ្លួន។

នារីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូពូលី ម្តុំនាគទិព្វ២។
សមត្ថកិច្ចបានប្រាប់រស្មីកម្ពុជាថា សាកសពជនរងគ្រោះអាក្រាតកាយ និងដៃទាំងពីរត្រូវបានឃាតករយកចង។ ករណីសម្លាប់នារីរងគ្រោះ កាលពីវេលាយប់ថ្ងៃទី២ ខែមីនានៅក្នុងបន្ទប់ជួលលេខ៥ ជាន់ទី១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានស្នាមជាំលើមុខ បំពង់ក និងមានស្នាកស្នាមនៅកន្លែងផ្សេងទៀតលើដងខ្លួន។ ចំណែកគ្រឿងអលង្ការរបស់ជនរងគ្រោះមានដូចជា ខ្សែកផ្លាទីន បណ្តោងត្បូងពណ៌ស ០១ ខ្សែ , ចិញ្ចៀនផ្លាទីនចំនួន ០២វង់ , ខ្សែជើងផ្លាទីន ០១ខ្សែ និងទូរស័ព្ទម៉ាក OPPO RENO2 ពណ៌សំបកឪឡឹកចំនួន ០១គ្រឿងបានបាត់អស់។

តាមការបំភ្លឺរបស់ឈ្មោះ ប៉ាត ស្រីលក្ខ័ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅបន្ទប់ជាមួយជនរងគ្រោះ(មិត្តភ័ក្តិ) បានឲ្យដឹងថា ពេលដែលខ្លួនត្រឡប់មកពីធ្វើការវិញ បើកទ្វារបន្ទប់ ក៏ឃើញជនរងគ្រោះ ដេកផ្ងារលើគ្រែ ដោយមានភួយគ្របពីលើជិតពីក្បាលដល់ចុងជើង ដៃទាំងពីរត្រូវបានចងផ្អោបគ្នាដោយប្រើអាវទ្រនាប់ សភាពរាងកាយជនរងគ្រោះ ត្រូវបានអាក្រាតកាយ មានស្នាមវាយពេញផ្ទៃមុខ និងដាច់បំពង់ក ហូរឈាម ស្រោចពេញលើគ្រែ ។

សមត្ថកិច្ចបានបង្ហើបប្រាប់រស្មីកម្ពុជាថា តាមការសន្និដ្ឋានបឋម ករណីនេះជាករណីរំលោភសម្លាប់ ហើយជនសង្ស័យ និងជនរងគ្រោះអាចជាអ្នកស្គាល់គ្នា។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកឃាតករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា រហូតមកដល់ពេលនេះ ជនសង្ស័យនៅមិនទាន់បានចាប់ខ្លួននៅឡើយទេ សមត្ថកិច្ចកំពុងតែស្វះស្វែងរកមុខសញ្ញា ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហើយ និងកំពុងតែស៊ើបអង្កេតស្រាវជ្រាវរកជនសង្ស័យ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា “ចំពោះមុខនេះ យើងកំពុងតែស្រាវជ្រាវធ្វើការស៊ើបអង្កេត មុខសញ្ញាយើងកំណត់រួចហើយ”។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅវេលាម៉ោង ៨យប់ ថ្ងៃទី២ ខែមីនា ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ ២៩ឆ្នាំ ភេទស្រី ត្រូវជាមិត្តរួមការងារជាមួយនារីរងគ្រោះ បានវិលត្រឡប់ មកពីធ្វើការវិញ ហើយបានទៅរកនារីរងគ្រោះដល់បន្ទប់។ លុះមកដល់បន្ទប់ឈ្មោះ ប៉ាត ស្រីល័ក្ខ បានឃើញបិទទ្វារចាក់សោរខ្ទាស់ជាប់ ទោះបីគោះទ្វារយ៉ាងណាក៏មិនឮ ទើបឈ្មោះ ប៉ាត ស្រីល័ក្ខ យកកូនសោរ ពីម្ចាស់ផ្ទះជួលចាក់ទ្វារ ក៏ស្រាប់តែឃើញឈ្មោះ ហួន ស្រី ដេកស្លាប់លើគ្រែពូក ដោយមានឈាម ជាប់នឹងដងខ្លួន និង ក ផង ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular