ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការប្រកាសបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្ត ង ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងនៅថ្ងៃជាមួយគ្នា។

ការបរិច្ឆេទនៃការបោះឆ្នោតត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាយករដ្ឋមន្ត្រីត្រូវប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល ៩ខែ យ៉ាងតិចមុនថ្ងៃបោះឆ្នោត។

ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវកាន់មុខតំណែងរបស់ខ្លួនរហូតទាល់តែមានក្រុមប្រឹក្សាថ្មីដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើងចូលកាន់តំណែងជំនួស។ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបោះឆ្នោតជ្រើសរើសឡើងតាមប្រព័ន្ធសមាមាត្រ ដោយអ្នកបោះឆ្នោត ដែលបានចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងឃុំសង្កាត់នោះមានសិទ្ធិបោះឆ្នោតតែមួយសន្លឹកប៉ុណ្ណោះ តាមរយៈការបោះឆ្នោតជាសំងាត់ អ្នកបោះឆ្នោតម្នាក់មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តែមួយប៉ុណ្ណោះ។

ចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នីមួយមានចែងក្នុងមាត្រា ១២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ត្រូវកំណត់ដោយអនុក្រឹត្យក្នុងរយៈពេលយ៉ាងតិច ៩ខែមុនថ្ងៃបោះឆ្នោតខែមុនថ្ងៃបោះឆ្នោត។ ការចាត់ចែងរៀបចំនិងគ្រប់គ្រងបញ្ជីបោះឆ្នោតនិងការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវដាក់ចេញនូវបទបញ្ជានិងនីតិវិធីសម្រាប់ចាត់តាំងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឯកតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះនិងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានអំនាចមុខងារនិងភារកិច្ចដូចខាងក្រោមរៀបចំនិងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតពិនិត្យរៀបចំបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំការការពារសុវត្ថិភាពនិងរក្សាបញ្ជីបោះឆ្នោតសម្រេចលើការចុះបញ្ជីបេក្ខជនពិនិត្យតាមដាន យុទ្ធនាការឃោសនាបោះឆ្នោតគ្រប់គ្រងនីតិវិធីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតគ្រប់គ្រងនីតិវិធីរដ្ឋនិងឆ្នោតនិងចាត់ចែងការរាប់សន្លឹកឆ្នោតប្រកាសលទ្ធផលនៃការបោះឆ្នោតការពារសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតដំណើរការរាប់សន្លឹកឆ្នោតនិងការពារសុវត្ថិភាពសម្ភារៈឧបករណ៍គ្រឿងសង្ហារឹមសម្រាប់ដំណើរការបោះឆ្នោតទាំងមូល ។ … ធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភានិងព្រឹទ្ធសភាស្ដីពីការគ្រប់គ្រងការប្រព្រឹត្តទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងអំឡុងពេល ៩០ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រដោយបែងចែកអាសនតាមមធ្យភាគខ្ពស់បំផុតដូចមានចែងក្នុងមាត្រា ១៦ និងមាត្រា ២០ នៃច្បាប់នេះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវជ្រើសរើសចេញពីក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយដែលត្រូវបានជាប់ឆ្នោតនៅក្នុងឃុំសង្កាត់នោះ ។ ចំនួនអាសននៃក្រុមប្រឹក្សាឃុំសង្កាត់ត្រូវស្មើគ្នានឹងចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវបានកំនត់ដោយអនុក្រឹត្យអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់៕