បញ្ជូន​ខ្លួន​ម្ចាស់​សិប្បកម្ម​ផលិត​កាហ្វេ “​ដាយ​ថា​ញ់​” ដែល​សង្ស័យ​លាយ​សារធាតុ​គីមី​ទៅ​តុលាការ​

1483
ចែករម្លែក
  • 165
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ស្ត្រី​២​នាក់ ក្នុងនោះ​ម្នាក់​ជា​ម្ចាស់​សិប្បកម្ម លីង និង​កិន​កាហ្វេ ដាយ​ថា​ញ់ និង​ម្នាក់ទៀត​ជា​អ្នក​លាយ​ផ្សំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​សង្ស័យ​ការផលិត​កាហ្វេ​លាយ​សារ​ធាតុគីមី​ការឃាត់ខ្លួន​នេះ​ក៏​ស្របគ្នា​នឹង​ករណី​នៅ​ប្រទេស វៀតណាម​ដែលមាន​ម្ចាស់​សិប្បកម្ម​បានធ្វើ​កាហ្វេ និង ម្រេច​ដោយ​លាយ​បណ្តូល​ថ្មពិល​។​

ស្ត្រី​ម្ចាស់​សិប្បកម្ម​ផលិត​កាហ្វេ និង​អ្នក​លាយ​ផ្សំ​
​កាហ្វេ​ដាយ​ថា​ញ់​ដែល​សង្ស័យ​មាន​លាយ​សារ​ធាតុគីមី​
​ទីតាំង​ផលិត​កាហ្វេ​គ្មាន​ច្បាប់​អនុញ្ញាត​

ម្ចាស់​សិប្បកម្ម​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ពៅ ច​ន្ធា អាយុ​៥៦​ឆ្នាំ និង​ឈ្មោះ សឿង ស្រី​ណា អាយុ​២៦​ឆ្នាំ ជា​អ្នក​លាយ​ផ្សំ​។ សារធាតុ​ផ្សំ​ដែល​ដកហូត​មានដូចជា ពោត​ឆៅ និង​លីង សណ្តែកសៀង​លីង ប៊ើ ខ្ទីះ​ដូង​ព្រមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត​មាន​ទម្ងន់​ប្រមាណ​ជាង​៧​តោន​ដែល​សង្ស័យ​មានការ​លាយ​សារធាតុ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ធ្ងន់ធ្ងរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទូច​យុ​ទ្ធា​អនុប្រធាន​លេខាធិការដ្ឋាន​និង​ជា​ប្រធាន​ក្រុម​បេសកកម្ម​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣០​ខែមេសា​ថា​សមត្ថកិច្ច​បាន​បញ្ជូន​​ខ្លួន​ស្ត្រី​ពីរ​នាក់​(​ម្ចាស់​សិប្បកម្ម​និង​អ្នក​លាយ​ផ្សំ​)​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៣០​ខែមេសា​ដើម្បី​ឲ្យ​តុលាការ​ចាត់វិធានការ​តាមច្បាប់​។ ចំនែក​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ និង​កិន​កាហ្វេ គឺ​បាន​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្តទៀត​ទេ ដោយសារតែ​គ្មាន​ច្បាប់​អនុញ្ញាត​។

សូម​រំលឹកថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​លីង និង​កិន​កាហ្វេ ដាយ​ថា​ញ់ និង​ឃាត់ខ្លួន​ម​មនុស្ស​ចំនួន​ពីរ​នាក់ ទីតាំង​សិប្បកម្ម​ផលិត​កាហ្វេ ស្ថិត​ត្រង់ចំណុច​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ កាលពី​នៅ​ថ្ងៃទី​២៧ ខែមេសា ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ មាន​សារធាតុ​ផ្សំ​មួយចំនួន​ដូចជា ពោត​ឆៅ និង​លីង សណ្តែកសៀង​លីង ប៊ើ ខ្ទីះ​ដូង ព្រមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត សរុប​ទាំងអស់​ចំនួន​១០​មុខ មាន​ទម្ងន់​ប្រមាណ​ជាង​៧​តោន និង​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ឲ្យ​ម៉ូយ​មួយគ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ 2P-4458​។ ក្រៅពីនោះ មាន​ឧបករណ៍​ផលិត រួមមាន ៖ ម៉ាស៊ីន​លីង​កាហ្វេ , ម៉ាស៊ីន​កិន​កាហ្វេ ចំនួន​៣​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ទប់​ចំនួន​១​គ្រឿង​សំបក​វេច​ខ្ទប់​ចំនួន​១៥០​គីឡូក្រាម និង​សំបក​ធុង​មួយ​។ ហើយ​បាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម និង​អ្នក​លាយ​ម្នាក់ បន្ទាប់ពី​រកឃើញ​វត្ថុធាតុដើម រួម​ពោតស​ណ្តែ​ត​សៀង និង​សារធាតុ​ផ្សំ​មួយចំនួនទៀត ដែល​សង្ស័យ ថា​ជា​សារធាតុ​គីមី​៕មន

វត្ថុតាងដែលរកឃើញ

ទីតាំងផ្សាយពាណិជ្ជកម្ម