គ្រប់​អ្នកពាក់ព័ន្ធ ត្រូវការពារ​ដី ដែល​រក្សាទុក​ចែកជូន អតីតយុទ្ធជន និង​ពលរដ្ឋ ខ្វះខាត​ឱ្យបាន​ដាច់ខាត​

ដោយៈ បូកគោ / កំ​ពតៈ អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ដូចជា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​រក្សា ការពារ​ដី ដែល​រាជរដ្ឋាភិបាល ទុក​សម្រាប់​ចែកជូន អតីតយុទ្ធជន និង​ពលរដ្ឋ​ក្រីក្រ ឱ្យបាន​គង់វង្ស​។ នេះ​ជា​សារ​របស់​អភិបាល​ខេត្តកំពត ដែល​បាន​រំលេច​ឡើង កាលពី​ព្រឹក ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នា​កិច្ចប្រជុំ​គណៈកម្មាធិការ គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ស្ដីពី​ការត្រួត ពិនិត្យ បច្ចុប្បន្នភាព ដី​សម្បទាន​សង្គមកិច្ច​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ​ប្រមុខ​រាជ រដ្ឋាភិបាល តែង​បាន​គិតគូរ និង​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​យកចិត្តទុកដាក់ និង​ផ្ដល់​ដី​ជូន​អតីតយុទ្ធជន ក៏ដូចជា ពលរដ្ឋ​ខ្វះខាត​ជាក់ស្តែង ដើម្បី​បង្កបង្កើត​ផល និង​ធ្វើ លំនៅស្ថាន​។ ការបែងចែក​ដី សម្បទាន​សង្គមកិច្ច ក្នុង​គោលការណ៍​នេះ មាន​សារសំខាន់ សម្រាប់​ជួយ​ដល់​ជីវ​ភា​រស់នៅ របស់​ពួកគាត់ ឱ្យ​កាន់តែ​ប្រសើរឡើង​។ ដូច្នេះ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ លើ​បញ្ហា​បែងចែក ប្រភេទ​ដី​នេះ ឱ្យមាន​តម្លាភាព និង​ចំ​គោលដៅ ពិសេស​ត្រូវ​រើស​ទីតាំង​ដី​ណា ដែល​នៅក្បែរ​ទីប្រជុំជន​បំផុត​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ បច្ចុប្បន្ន ដីឯកជន​របស់​រដ្ឋ និង​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ខេត្តកំពត មានការ​ទន្ទ្រាន កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ពី​បុគ្គល​មួយចំនួន ដែល​ក្នុងនោះ ក៏មាន​មន្ត្រី​ផងដែរ​។ ម្ល៉ោះហើយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា មន្ត្រី​ក្នុង​ដែន​ជំនាញ ត្រូវ​រួមគ្នា​រក្សា​ការពារ​ដី​រដ្ឋ ឱ្យ​នៅបាន​គង់វង្ស ដើម្បី​ទុក​ប្រើប្រាស់ នៅ​ថ្ងៃក្រោយ​ក្នុងករណី រាជរដ្ឋាភិបាល ឬ​រដ្ឋបាលខេត្ត ត្រូវ​ការធ្វើ​អ្វីមួយ​ជា​ចាំបាច់​។​

​លោក ដា​ញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី ខេត្តកំពត បានបញ្ជាក់​ថាៈ ដី​សម្បទាន​សង្គមកិច្ច ក្នុង​ខេត្តកំពត មាន ៥ ទីតាំង ប៉ុន្តែ​បច្ចុប្បន្ន​នៅតែ​ពីរ កន្លែង​ប៉ុណ្ណោះ​។ ទី​១. នៅ​តំបន់​តេ​ជោ​អភិវឌ្ឍន៍ ប៊ុនរ៉ានី ហ៊ុនសែន ៣១៧ កោះស្លា ស្ថិតក្នុង​ស្រុក​ឈូក មាន​ទំហំ ១.២៨៨ ហិកតា ដែល​បាន និង​កំពុង​រៀបចំ​បិទ​ផ្សាយ ទិន្នន័យ​ក្បាលដី ដើម្បី​ឈានទៅ​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​អតីតយុទ្ធជន និង​ពលរដ្ឋ​ខ្វះខាត ២៤០ គ្រួសារ​។ ទី​២.​នៅ​តំបន់​ដំរី​ផុង ក្នុងស្រុក​ទឹកឈូ មាន​ផ្ទៃដី​ទំហំ ២១៩ ហិកតា ដោយ​កំពុង​ប្រមូល និង​រៀបចំ​ទិន្នន័យ​ក្បាលដី ដើម្បី​ចែកជូន​ដល់ ប្រជាពលរដ្ឋ ចំនួន ៩០ គ្រួសារ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular