ដោយ: សុផល / ភ្នំពេញ: សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ ក្រោមអធិបតីភាព លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដ គ្រុប។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជននិងការផ្តល់ឱកាសការងារនេះគឺដើម្បីអនុញ្ញាតឱ្យស្ថាប័នទាំងពីរសហការគ្នា ក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញនានាដល់យុវជនដើម្បីឈានឆ្ពោះទៅកាន់អាជីពការងារជាក់លាក់មួយ។ទន្ទឹមនេះដោយយល់ឃើញពីតួនាទី និងការចូលរួមដ៏សំខាន់របស់យុវជនក្នុងការជំរុញការអភិវឌ្ឍសង្គមជាតិការចុះអនុស្សរណៈយោគយល់នេះទៀតសោតនឹងផ្ដល់ជាវេទិកាចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងល្អៗ ដើម្បីជាការបំផុសគំនិតដល់យុវជនក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតីសម្រាប់ការត្រៀមខ្លួនក្នុងការអនុវត្តការងារជាក់ស្ដែង ។
សូមជម្រាបជូនផងដែរថាដោយឈរលើទស្សនៈថា«យុវជនគឺជាទំពាំងស្នងឬស្សីនិងជាធនធានសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលនេះនិងទៅអនាគត»សហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងបំពេញការងារយ៉ាងសកម្មលើកិច្ចការលើកកម្ពស់សមត្ថភាពយុវជន និងអភិវឌ្ឍធនធានមនុស្សដោយសម្រេចបាននូវការងារជាអាទិ៍រួមមាន៖ (១) ការផ្តល់ឱកាសឱ្យយុវជនអាចចូលរួមក្នុងសកម្មភាពសង្គម (២)ការបង្កើតជាវេទិកានិងកម្មវិធីបណ្តុះបណ្តាលផ្សេងៗដែលផ្ដល់ជាប្រយោជន៍ជូនដល់យុវជនដើម្បីអភិវឌ្ឍសមត្ថភាព ទាំងផ្នែកកាយសម្បទា ចំណេះដឹង និងស្មារតី (៣) ការរៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២ និង(៤)ការចូលរួមជាមួយរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ ដោយផ្តោតលើការងារសង្កេតការណ៍ប្រឡងមធ្យមសិក្សាទុតិយភូមិ។ ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ ស.ស.យ.ក. បានយកចិត្តទុកដាក់ក្នុងការគៀរគរ និងស្វែងរកកម្មវិធីអាហារូបករណ៍ទាំងក្នុងនិងក្រៅប្រទេស សម្រាប់ផ្តល់ជូនដល់យុវជនជាសិស្សានុសិស្ស និងនិស្សិតជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
ដោយឡែក សម្រាប់ក្រុមហ៊ុនវើលប្រ៊ីដគ្រុប គឺជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើវិស័យដែលមានសក្តានុពល ដូចជាវិស័យដឹកជញ្ជូន សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជៈ សេវាបញ្ចាំ សេវា Outsourcing និង e-commerce។ កន្លងមក ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ធ្លាប់បានបើកឱកាសដល់យុវជន យុវនារី ឱ្យចូលរួមក្នុងកម្មវិធីហ្វឹកហាត់ការងារពិសេសមួយ (Management Trainee Program) ដែលមានរយៈពេល២ឆ្នាំ សម្រាប់សិក្ខាកាមអភិវឌ្ឍ ចំណេះដឹង ជំនាញរបស់ខ្លួនតាមរយៈការហ្វឹកហាត់ការងារពេញម៉ោងរយៈពេល២ឆ្នាំ ដើម្បីក្លាយជាអនាគតអ្នកដឹកនាំ។
តាមរយៈកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប នេះ មិនត្រឹមតែបានផ្ដល់ឱកាសដល់យុវជនកម្ពុជាក្នុងការស្វែងរកបទពិសោធន៍ការងារផ្សេងៗនោះទេ ប៉ុន្តែក៏នឹងជំរុញដល់ការទំនាក់ទំនងរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពស្អិតរមួត និងរឹងមាំផងដែរ៕