ប្រែសម្រួល : កញ្ញាដាលីស ៖ អង្គការរដ្ឋអ៊ីស្លាមបានប្រកាសទទួលខុសត្រូវចំពោះការសម្លាប់ស្ត្រីបីនាក់ដែលធ្វើការឱ្យស្ថានីយវិទ្យុនិងទូរទស្សន៍ក្នុងស្រុកមួយនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារទី២មីនា។
ការវាយប្រហារនៅទីក្រុងចាឡាឡាបាដគឺជាការកើនឡើងនៃការសម្លាប់ដែលគេដាក់គោលដៅទៅលើចៅក្រមអ្នកកាសែតនិងអ្នកជំនាញដទៃទៀត ដែលពួកនេះឆ្មក់វាយប្រហារឬសម្លាប់ដោយគ្រាប់បែករថយន្ត។
ការសម្លាប់បានកើនឡើងចាប់តាំងពីការចរចាសន្តិភាពបានចាប់ផ្តើមកាលពីឆ្នាំមុនរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់ ដែលបង្កឱ្យមានការភ័យខ្លាចថា ក្រុមបះបោរកំពុងកម្ចាត់គូប្រជែង។
ស្ត្រីទាំងបីនាក់នោះគឺមានឈ្មោះថា ម៉ួសាល់ វ៉ាហ៊ីឌី, សាឌា សាដាត និង ស្ត្រីម្នាក់ទៀតមានឈ្មោះត្រឹមថា សាណាស់ មានអាយុចន្លោះពី ១៨ ទៅ ២០ ឆ្នាំ។ ពួកនាងត្រូវបានបាញ់សម្លាប់នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នាបន្ទាប់ពីពួកនាងបានចាកចេញពីស្ថានីយទូរទស្សន៍ Enikass កន្លែងដែលពួកនាងធ្វើការកាលពីថ្ងៃអង្គារ។
កាលពីថ្ងៃពុធ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខនៅឯពិធីបុណ្យសពរបស់ស្ត្រីទាំងបី។
ក្រុមមន្ត្រីអាហ្វហ្គានីស្ថាននិយាយថា ប៉ូលិសចាប់បានឃាតករឈ្មោះ ការី បាសឺ ដែលទទូចថារូបគេជាសមាជិកក្រុមតាលីបង់។ ការអះអាងនេះត្រូវបានបដិសេធភ្លាមៗដោយអ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ូឡា មូចាហ៊ីដ។
មេប៉ូលិសក្រុងណានហ្គាហា គឺលោកឧត្តមសេនីយ៍ ហ្គុល ហេម៉ាត និយាយថា បាសឺបានប្រើកាំភ្លើងខ្លីតកាណុងស្ងាត់សំឡេងនៅក្នុងការវាយប្រហារ និងត្រូវបានចាប់ខ្លួនក្រោយប្រព្រឹត្តសកម្មភាពបាញ់ប្រហារ។
នៅល្ងាចថ្ងៃអង្គារក្រុមអាយស៊ីសបានអះអាងទទួលខុសត្រូវចំពោះការសម្លាប់នេះ ដោយនិយាយថា ស្ត្រីទាំងបីត្រូវបានដាក់គោលដៅសម្លាប់ចោល ព្រោះធ្វើការឱ្យស្ថានីយទូរទស្សន៍ ដែលស្មោះត្រង់នឹងរដ្ឋាភិបាលបំបង់បាយអាហ្វហ្គានីស្ថាន៕
បុគ្គលិកស្រីរបស់ស្ថានីយទូរទស្សន៍និងវិទ្យុ Enikass ត្រូវបានពួកអាយស៊ីសសម្លាប់កាលពីថ្ងៃអង្គារ។កាលពីថ្ងៃពុធ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខនៅឯពិធីបុណ្យសពរបស់ស្ត្រីទាំងបី។