Home ព័ត៌មានសំខាន់ៗ ការកាប់​ដើម​គ...

ការកាប់​ដើម​គគីរ​ចំណាស់​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា ប៊ុនរ៉ានី​ហ៊ុនសែន រមាស បង្ក​ឲ្យ​មាន​ការមិន​ពេញចិត្ត​ពី​សាធារណៈជន​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:ដើម​គគីរ​ដែលមាន​អាយុ​ជាច្រើន​ឆ្នាំ​ចំនួន​ប្រាំបួន​ដើម​ស្ថិតក្នុង​បរិវេណ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន​រមាស នៃ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​កន្លងទៅ​ថ្មី​នេះ​បាន​បង្ក​ឲ្យ​មហាជន​ដែល​តែងតែ​ឃើញ​ដើមឈើ​ដ៏​ធំ​ទាំងនេះ រិះគន់​ដល់​គណៈ​គ្រប់គ្រង​សាលា​ថា​មិនគួរ​នឹង​កាប់​រុក្ខា​ជាតិ​ចំណាស​ដ៏​មានតម្លៃ​ទាំងនេះ​ទេ​។​ប៉ុន្តែ​មន្ត្រី​អប់រំ​បាន​បកស្រាយ​ថា ការកាប់​ដើមឈើ​ទាំងនេះ​គឺ​ដើម្បី​សុវត្ថិភាព​សិស្ស​។​

​ដើម​គគីរ​ដែលមាន​អាយុកាល​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​មាន​ចំនួន​ប្រាំបួន​ដើម​និង​បាន​កាប់​ឲ្យ​រំលំ​អស់ពីរ​ដើម​ហើយ​។​
​ឆ្លើយតប​នឹង​ការរិះគន់​ខាងលើនេះ​លោក ឃឹម ផល្លា ប្រធានការិយាល័យ​អប់រំ​ស្រុក​ទឹកផុស​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ​ម្សិលមិញ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ដើម​គគីរ​ទាំង​ប្រាំបួន​ដើម​នេះ​បាន​ដាំ​នៅ មុខ​អគារសិក្សា​ម​ត្តេ​យ្យ​មួយ​ខ្នង ដែលមាន​គម្លាត​តែ​បួន​ម៉ែត្រ​ពីមុខ​អគារសិក្សា​នេះ​តែប៉ុណ្ណោះ​។​នៅក្នុង​អំឡុង​ឆ្នាំ​២០១៥​មែក​គគីរ​នេះ​ធ្លាប់បាន​បាក់​ធ្លាក់​ចុះមក​ដី​សង្កត់​លើ​កង់​សិស្ស​និង​លើ​ទោង​ដែល​សិស្ស​ម​ត្តេ​យ្យ​ដែល​តែងតែ​នាំគ្នា​ជិះ​លេង​បណ្តាល​ឲ្យ​រង​ការខូចខាត​។​កាលណោះ​ប្រសិនបើ​ធ្លាក់ចំ​សិស្ស​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​របួស​ពេលនោះ​ក៏​ជាការ​ទទួលខុសត្រូវ​មួយចំណែក​ធំ​របស់​នាយក​សាលា​និង​គ្រូបង្រៀន​។​

​លោក​បន្តថា​ក្រោយមក​សាលា​ក៏បាន​ធ្វើ​ការកាប់​លះ​មែក​គគីរ​ចំនួន​ប្រាំបី​ដើម​ដែល​ដុះ​មុខ​អគារសិក្សា​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​។​ព្រោះតែ​ហេតុផល​នេះហើយ​ទើប​កើតមាន​អង្គប្រជុំ​រួមមួយ​នាពេល​ថ្មីៗ​កន្លងមកនេះ​ដែលមាន​វត្តមាន លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ​តំណាង​មាតាបិតា​សិស្ស​អាជ្ញាធរ​ភូមិ​ឃុំ​និង​លោក​អភិបាលស្រុក​ទឹកផុស​ផង​បាន​ឯកភាពគ្នា​សុំ​កាប់​ដើម​គគីរ​ទាំងនេះ​ចេញ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​នឹង​អាច​កើតឡើង​ជាយថាហេតុ​ដល់​សិស្សានុសិស្ស​។ កំណត់ហេតុ​នៃ​អង្គប្រជុំ​និង​ការសម្រេច​ខាង លើ​នេះ​សាលា​ក៏បាន​ផ្ញើ​ជូនទៅ​លោក​ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឲ្យ​បាន​ជ្រាប​ដែរ​។​

​ដោយឡែក​តាម​ស្មារតី​អង្គប្រជុំ​ខាងលើ​សាលា​នឹង​យក​ថវិកា​ដែលបានពីការ​លក់​ដើម​គគីរ​នេះ​មានតម្លៃ​ប្រមាណ​១២​លាន​រៀល អភិវឌ្ឍន៍​រៀបចំ​ប្រព័ន្ធ​លូទឹក​មុខ​សាលារៀន និង​គ្រោង​ទិញ​ដើម​ក្រញូង ដើម​បេង នាងនួន​ធំៗ​មួយចំនួន​មក​ដាំ​ជំនួស​វិញ តែ​ដាំ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ពី​អគារសិក្សា​ដើម្បី​បង្កើត​បរិស្ថាន​ធម្មជាតិ​ជំនួស​ដើម​គគីរ​ទាំងនោះ​វិញ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular