Home ព័ត៌មានសំខាន់ៗ រថយន្ត​ដឹក​ដី...

រថយន្ត​ដឹក​ដី បុក​រថយន្ត​ទួរីស សាំង​យ៉ុង នៅ​ស្រុក​សន្ទុកៈ មនុស្ស ៥ នាក់​ស្លាប់ , ១០ នាក់ រងរបួស​ធ្ងន់

ដោយៈ ប​.​ជ័យ / កំពង់ធំៈ មនុស្ស ៥ នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង ១០ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ដឹក​ដី​មួយគ្រឿង បាន​បុក​រថយន្ត​ទួរីស​សាំង​យ៉ុង ក្នុងទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៥​និង​២៥ នាទី ល្ងាច​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ នៅលើ​បណ្តោយ​ផ្លូវ​លេខ​៦ ( ផ្លូវ​វាង​ផ្សារ​កំពង់ថ្ម ) ស្ថិតក្នុង​ភូមិ​ទួល​សង្កែ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​ពង់​ធំ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​៤ ខែមីនា នេះ​ថា​: មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សាំង​យ៉ុង បានធ្វើ​ដំណើរ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ។​ ​ឯ​រថយន្ត​បែន​ដឹក​ដី (​ចាក់ដី​អស់​) បានធ្វើ​ដំណើរ ក្នុង​ល្បឿន​លឿន ពី​ទិស​ខាងជើង ទៅខាង​ត្បូង ក្នុងទិសដៅ​ច្រាស​គ្នា ។ នៅពេល​មកដល់ ចំណុចកើតហេតុ រថយន្ត​បែន​ដឹក​ដី​នោះ ក៏បាន​រេ​ចង្កូត ទៅបុក​រថយន្ត​សាំង​យ៉ុង ពេញទំហឹង​តែម្តង​។​

​ជនរងគ្រោះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមានៈ ១-​អ្នកបើកបរ រថយន្ត​សាំង​យ៉ុង ឈ្មោះ តិច ចាន់​វាសនា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​សាន​គរ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ២- អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ឈ្មោះ ឃួ​ង ស្រ៊ា​ន់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្រឡៅ​តូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ៣-​ស្ត្រី​ឈ្មោះ ម៉េ​ត សៀង​លួ​ន អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ស្ត្រី រងគ្រោះ​នេះ គ្រោង​នឹង​រៀបការ នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមីនា ខាងមុខនេះ​។ ទាំង​៣​នាក់​នេះ បាន​ស្លាប់​នៅ​កើតហេតុ​។ ៤- កុមារ​តូច អាយុប្រមាណ ១ ខួប និង​៥-​ក្មេងស្រី​ម្នាក់ទៀត បាន​ស្លាប់ បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​បង្អែក បារាយណ៍ សន្ទុក​។

​រីឯ​អ្នករងរបួស​ធ្ងន់ ប្រុស​ស្រី ចាស់​ក្មេង ១០ នាក់ បាន​ត្រូវ​ដឹកបញ្ជូន យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ និង​ខ្លះទៀត យកទៅ​សង្គ្រោះ នៅ​រាជធានី​ភ្នំពេញ​។ សូមបញ្ជាក់ថា អ្នករងរបួស​ធ្ងន់​ទាំង ១០ នាក់​នេះ ភាគច្រើន បែក​ប្រអប់ជើង បាក់​ភ្លៅ និង​បាក់​ស្មងជើង​។ អ្នករងរបួស​ធ្ងន់​ទាំងនោះ មិនទាន់​បានដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​រថយន្ត​ទាំង ២ គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ស្ទូច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សន្ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular