ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការនឹងខេត្តសៀ មរាប កាលពីម៉ោងជាង៩យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ចាប់បានជនសង្ស័យម្នាក់ករណីរំលោភ សម្លាប់ ប្លន់យកទ្រព្យដោយអារ ក នារីស្រស់ស្អាតវ័យក្មេងម្នាក់ ដែលជាបុគ្គលិកកាសុីណូមួយនៅនៅក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាបកាសែតរស្មីកម្ពុជាកាលពីយប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២១ ថា រូបថតដែលរស្មីកម្ពុជាទទួលលបានពីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទ័ណ្ឌ ហើយសូមបង្ហាញជូនប្រិយមិត្តអ្នកអាននេះ ជារូបជនសង្ស័យមែន ។ ប៉ុន្តែ លោកមិនប្រាប់បន្ថែមជាពិស្តារទេ ដោយហេតុថា សមត្ថកិច្ចនៅបន្តស្រាវជ្រាវរកជនពាក់ព័ន្ធសិន។ ហើយបើគ្មានអ្វីជាឧបសគ្គទេ នគរបាលខេត្តបន្ទាយមានជ័យនឹងផ្តល់ព័ត៌មានដល់សារព័ត៌មាននៅព្រឹកឬរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ។
សូមរំលឹកថា នារីរងគ្រោះបានត្រូវឃាតក អារ ក ចាក់លើដងខ្លួន ហើយយកអាវទ្រនាប់ចងដៃ ហើយបានស្លាប់ ក្នុងថ្លុកឈាមនៅលើគ្រែពូកនៅក្នុងបន្ទប់ផ្ទះជួលមួយ ម្តុំគ្លីនិកនគររាជ្យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។
នារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ ជាបុគ្គលិកផ្នែក Slot Super Machine បម្រើការងារ ក្នុងកាស៊ីណូពូលី ម្តុំក្លឹបនាគទិព្វ២ (កាស៊ីណូក្រៅប្លុក កាស៊ីណូចាស់ ដែលជនជាតិខ្មែរ អាចចូលលេងបាន ឬហៅក្រុមកាស៊ីណូខ្មែរ)៕