ដោយៈចាន់តូ/ភ្នំពេញ: យុវជនម្នាក់បានស្លាប់យ៉ាងអណោចអធម៌ បន្ទាប់ពីមានរថយន្តធន់ធំមួយគ្រឿងបុកអូសជាច្រើនម៉ែត្រ កាលពីវេលា ម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AJ.0821 ជិះតែម្នាក់ឯង។ ចំណែករថយន្តម៉ាក NISSAN UD1400 ប្រភេទ រថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ 3C.0531 បើកដោយបុរសម្នាក់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយម៉ូតូម៉ាកស្គុបពី បើកតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើត មក លិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់ តែ មានរថយន្តធុនធំខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត យ៉ាងលឿនបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាលឲ្យបុកចំពីមុខពេញទំហឹងអូសជាច្រើនម៉ែត្រប្រហែល១០០ម៉ែត្រ មនុស្សខ្ទាតចេញហើយកិនបែកក្បាលខ្ទិចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ធ្វើឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំនៅក្រោមរថយន្តតែម្ដង។ហើយអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួន បាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកអង្គស្នួលធ្វើបុណ្យតាមប្រពៃណី៕