អ្នកវិទ្យាសាស្ត្រ​នឹង​សម្លឹង​មើល​ដាន​ជីវិត​នៅ​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការស្វែងរក​ដាន​នៃ​ជីវិត​នៅលើ​ភព​ព្រះ​អង្គារ​ដូច​ដែល​អង្គការ​ណា​សា​កំពុង​ធ្វើ គឺ ជា​រឿង​មួយ​។​ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​សម្លឹង​មើលទៅ​ឆ្ងាយ​ជាង​នេះ​ផង​ដែរ​។ តើ​​ដាន​ជីវិត​អាច​រកឃើញ​ក្រៅពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ទេ​?

​ការសិក្សា​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មីនា​នៅក្នុង​ទស្សនា​វ​ដ្តី Science ដ៏​មាន​កិត្យានុភាព បង្ហាញ​ពី​ការរកឃើញ​នូវ​ភព​ស្រដៀង​ផែនដី​ថ្មី​មួយ ដែល​អាច​ជួយ​ក្នុងការ​ប្រមាញ់​ជីវិត​ក្រៅ​ភព​។​

​អ្នកស្រាវជ្រាវ​នឹង​ព្យាយាម​កំណត់ថា​តើ​មាន​បរិយាកាស​នៅលើ “​កំពូល​ផែនដី​យក្ស​នោះ​” និង ដាន​នៃ​ជីវិត​នៅ​ជុំវិញ​ព្រះអាទិត្យ​របស់​វា​នៅ​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ដែរ​ឬ​អត់​។​

​លោក​ចូសេ កា​បាល់​ឡឺ​រ៉ូ ជា​តារាវិទូ​នៅ​មជ្ឈមណ្ឌល Centro de Astrobiologia របស់អេ​ស្ប៉ាញ​បាន​និយាយថា “​ចុងបញ្ចប់​នៃ​ផ្លូវ​គឺ​ការស្វែងរក​ជីវម៉ាស់​ឬ​ជីវឧស្ម័ន​នៅក្នុង​បរិយាកាស​នៃ​ភព​ក្រៅ ដែល​ជា​សញ្ញា​នៃ​ជីវិត​នៅលើ​ភព​ដែល​អាច​រស់នៅ​បាន​”​។​

​ភព​ស្រដៀង​ផែនដី​ប្រហែល ៤.០០០ ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល ២៥ ឆ្នាំ ហើយ​ភព​ខ្លះ​ត្រូវបាន​រកឃើញ​ថា​មាន​បរិយាកាស​។​

​លោក​កា​បាឡឺ​រ៉ូ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មាន​បារាំង AFP ថា ប៉ុន្តែ​ទាំង​នេះ​គឺជា​ភព​ដែល​មាន​ហ្គាស​ឬ​ភព​ទឹកកក ហើយ​ភព​ទំហំ​ប៉ុន​ផែនដី​នៅ​មិនទាន់​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ​ទេ​។​

​លោក​បាន​និយាយ​ថា​របកគំហើញ​ចុងក្រោយ​នេះ​បាន​បើក​លទ្ធភាព​សម្រាប់​អ្នក​ស្រាវជ្រាវ​ដើម្បី​សិក្សា​អំពី​ភព​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ដូច​ផែនដី​។​

​ភព​នៅ​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​នោះ​គឺ​មានឈ្មោះ​ថា Gliese 486b ហើយ​វា​ស្ថិតនៅ​ចម្ងាយ​តែ ២៦ ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ​។​

​វា​មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល ៣០ ភាគរយ​ប៉ុន្តែ​មាន​ម៉ាស់​ធ្ងន់​ជាង ២,៨ ដង​នៃ​ភពផែនដី​របស់​យើង​និង​មាន​ទីតាំង​នៅ​តំបន់​អាច​រស់នៅ​បាន​នៅ​ជុំវិញ​ព្រះអាទិត្យ​របស់​វា​៕

​អ្នកវិទ្យាសាស្ត្រ​កំពុង​សម្លឹង​មើល​ដាន​ជីវិត​នៅ​ភព Gliese 486b ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី ២៦ ឆ្នាំ​ពន្លឺ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular