Home ព័ត៌មានអន្តរជាតិ អាម៉េរិក​បិទ​...

អាម៉េរិក​បិទ​ខ្ទប់​លុយ​និង​ជំនួញ​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មីនា បាន​បញ្ចេញ​វិធានការ​ថ្មី​ដើម្បី​ដាក់ទោស​យោធា​មី​យ៉ាន់​ម៉ា ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​​ថ្ងៃ​០១​កុម្ភៈ ដោយ​បិទ​ខ្ទប់​ក្រសួង​ការពារជាតិ​និង​មហាផ្ទៃ ព្រម​ទាំង​ក្រុមហ៊ុន​របស់​ពួកយោធា​ពី​ការធ្វើ​ជំនួញ​ជាមួយ​ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​ដាក់​ការ​រឹតត្បិត​លើ​ការនាំ​ចេញ​ទំនិញ​ដែល​អាច​ប្រើ​ក្នុង​ផ្នែក​យោធា ដោយ​តំរូវអោយ​ក្រុមហ៊ុននាំចេញ​អាម៉េរិក​សុំ​ច្បាប់​សំរាប់​នាំ​ទំនិញ​ចេញ​ទៅ​មី​យ៉ាន់​ម៉ា​។​

​ចំណាត់ការ​នេះ​ត្រូវបាន​ធ្វើឡើង​ជា​ការឆ្លើយ​តប​នឹង​ការបង្ក្រាប​និង​អំពើហិង្សា​កាន់តែ​ខ្លាំង​ឡើង​នៅ​មី​យ៉ាន់​ម៉ា កន្លែង​ដែល​ប្រជាជន​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​នឹង​ការគ្រប់គ្រង​យោធា​ហើយ​ប៉ូ​​លិស ទាហាន​បាន​បំបែកហ្វូង​បាតុកម្ម​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាញ់កាំភ្លើង​នៅ​ទីក្រុង​ជា​ច្រើន​ទូទាំង​ប្រទេស នៅពេល​អង្គការសហប្រជាជាតិ​និយាយ​ថា​មនុស្ស​យ៉ាងតិច​៥៤​នាក់​ត្រូវបាន​សម្លាប់​​ក្នុង​ការបង្ក្រាប​របស់​កងសន្តិសុខ​ចាប់តាំងពី​រដ្ឋប្រហារ​ម​ក​។ មនុស្ស​ជាង​១.៧០០​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន រួម​មាន​អ្នកកាសែត​២៩​នាក់​ផង​។​

​កាលពី​ខែ​មុន ប្រធានាធិបតី​អាម៉េរិក​បាន​បញ្ចេញ​ទណ្ឌកម្ម​ប្រឆាំង​មី​យ៉ាន់​ម៉ា គឺ​ដាក់​ទណ្ឌកម្ម​លើ​ជន​ណា​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី រួម​មាន​រដ្ឋ​​មន្ត្រី​ការពារ​ជាតិ និង​ក្រុមហ៊ុន​៣​រកស៊ី​ខាង​ត្បូងថ្ម​មាន​តំលៃ​។​

​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​និយាយថា អាម៉េរិក​នឹងមិន​អនុញ្ញាត​អោយ​យោធា​មី​យ៉ាន់​ម៉ា​បន្ត​ទទួល​ផល​ពី​ការរកស៊ី​ជាច្រើន​។​រដ្ឋាភិបាល​អាម៉េរិក​នឹង​បន្ត​ដាក់​អ្នក​ធ្វើ​រដ្ឋប្រហារ​មក​ទ​ទួល​ខុសត្រូវ ហើយ​​នឹង​ពិនិត្យមើល​វិធានការ​បន្ថែម​។​

​ក្រុមហ៊ុន​ធំៗ​ពីរ​គឺ​Myanmar Economic Corporation និង Myanmar Economic Holdings Limited ស្ថិត​ចំណោម​ក្រុមហ៊ុន​ដែល​យោធា​មី​យ៉ាន់​ម៉ា​ប្រើ​សំរាប់​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រទេស​​តាមរយៈ​ក្រុមហ៊ុន​និង​សាខា​របស់​វា ដោយ​របរ​រកស៊ី​មាន​ចាប់តាំងពី​ស្រា​បៀ បារី និង​ទូរគមនាគមន៍ កៅស៊ូ​កង់ រ៉ែ​និង​អចលនទ្រព្យ​។​

​ឥឡូវ​ក្រៅពី​ក្រសួង​ទាំង​ពីរ​ខាងលើ ឥឡូវ​អាម៉េរិក​បន្ថែម​ក្រុមហ៊ុន​យក្ស​ទាំងពីរ​ខាងលើ​ចូលក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​ថែម​ទៀត​៕

​អាម៉េរិក​បិទ​ខ្ទប់​ការ​រកស៊ី​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleបុរស​ម្នាក់​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​ពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័​(​ក្នុងផ្ទះ​ខ្លួនឯង​)​ហើយ​បានចេញ​ដើរហើរ​ចល័ត​ច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​ផាក​ពិន​យ័​ជា​ប្រាក់​ចំនួន​ពីរលាន​រៀល​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមីនា​នេះ ជាមួយនឹង​ការព្រមាន​បន្ថែម​ពី​វិធានការ​ក្តៅ​បន្ត​ក្នុងករណី​មិន​អនុវត្ត​ត្រឹមត្រូវ​ពេលធ្វើ​ច​ត្តា​ឡី​ស​ក័​៕
Next articleសហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មីនា បាន​បញ្ចេញ​វិធានការ​ថ្មី​ដើម្បី​ដាក់ទោស​យោធា​មី​យ៉ាន់​ម៉ា ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​​ថ្ងៃ​០១​កុម្ភៈ ដោយ​បិទ​ខ្ទប់​ក្រសួង​ការពារជាតិ​និង​មហាផ្ទៃ ព្រម​ទាំង​ក្រុមហ៊ុន​របស់​ពួកយោធា​ពី​ការធ្វើ​ជំនួញ​ជាមួយ​ខ្លួន​។​
- Advertisment -

Most Popular