គ្រោះថ្នាក់​ចរាចរ ក្នុង​ខែមេសា សម្លាប់​មនុស្ស​១៧៧ នាក់​, របួស ៤៧៤ នាក់​

2933
ចែករម្លែក
  • 261
    Shares

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញ​៖ នៅក្នុង​ខែមេសា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣១៦ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧៧ នាក់ និង​របួស ៤៧៤ នាក់​។ ក្នុងនោះ មូលហេតុ​គ្រោះថ្នាក់ច្រើន​ជាងគេ បង្កឡើង​ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ និង​បើកបរ​មិន​ប្រកាន់​ស្តាំ ជាដើម​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ១៧៧ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ខែមេសា មាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ចំនួន ១៣៥​នាក់ ហើយ​ក្នុងនោះ មាន ១០៧ នាក់ មិន​ពាក់មួក​សុវត្ថិភាព​។​

ទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរនៅផ្លូវជាតិលេខ៤

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោកនៅខែមេសា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ៣៤៧ គ្រឿង រថយន្ត​តូច ១៥៦ គ្រឿង រថយន្ត​ធំ ៥៤ គ្រឿង យានយន្ត​ផ្សេងៗ ២២ គ្រឿង និង​គ្រោះថ្នាក់​ថ្មើរជើង ៣៤​នាក់​។ ក្នុងនោះ មាន​រាជធានី​ខេត្ត ចំនួន ៩ ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ រួមមាន​៖ ខេត្ត​ព្រះសីហនុ ភ្នំពេញ កណ្តាល សៀមរាប ស្វាយរៀង កំពង់ធំ បាត់ដំបង កំពត និង​ខេត្តបន្ទាយមានជ័យ​។​

​របាយការណ៍​ប្រចាំខែ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស នា​ខែមករា កើតឡើង ៣០៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦៨ នាក់ និង​របួស​សរុប ៣៩៥ នាក់​។ ក្នុងនោះ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ១២៥ នាក់ ហើយ​មិន​ពាក់មួក​សុវត្ថិភាព មាន​ចំនួន ៩៨​នាក់​។​

​ដោយឡែក នៅ​ខែកុម្ភៈ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស កើតឡើង ២៥៣ លើក បណ្តាល​ឲ្យ​ស្លាប់ ១៥៧ នាក់ និង​របួស​សរុប ៤១២ នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ១៥៧ នាក់ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ចំនួន ១២៤ នាក់ និង​មាន ៨០​នាក់ មិន​ពាក់មួក​សុវត្ថិភាព​។​

​នៅ​ខែមីនា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៦២ លើក ស្លាប់ ១៥៥ នាក់ និង​របួស​សរុប ៤២៧ នាក់​។

​កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧៨០ នាក់ និង​របួស ៥៥៣៩ នាក់​។ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧១៧ នាក់ និង​របួស ៦៦០៧ នាក់​៕មន

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៩​ខែមេសា​ស្លាប់​៨​នាក់​របួស​១៩​នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ