ដោយៈ វណ្ណៈ / ព្រះសីហនុៈ សមត្ថកិច្ច បង្ហាញអត្តសញ្ញាណ យុវសិស្ស ៣នាក់ ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១៨២-១៨៣ ម្តុំមុខសាលាបឋមសិក្សាអនុវិទ្យាល័យសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងជិត ៩ ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានបញ្ជាក់ប្រាប់ រស្មីកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះថាៈ យុវសិស្ស រងគ្រោះ ទាំង ៣ នាក់នោះ រួមមានៈ ១.ឈ្មោះ លាង លិន អាយុ១៨ឆ្នាំ ទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ , ២.ឈ្មោះ យួន សុគន្ធ អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រៃនប់ ២ ឃុំព្រៃនប់ ស្រុកព្រៃនប់ និង៣.ឈ្មោះ លឹម ប៊ុណ្ណា អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានរំលឹកថាៈ ភាគីខាងម៉ូតូមួយគ្រឿង ម៉ាក HONDA-SCOPPY ពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នា ៣ នាក់ មានទិសដៅពី ភ្នំពេញ-ខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកជ្រុលចូលមកចំណែក ផ្លូវម្ខាងទៀត រួចក៏បុក នឹងរថយន្ត មួយគ្រឿង ម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-8400 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ចុះគេចខ្លួន ក្រោយពេលកើតហេតុ)៕/V-PC