អាជ្ញាធរ រួមគ្នាផ្សព្វផ្សាយបញ្ឈប់ការជីកកាយយកអាចម៍ដីពីទំនប់បុរាណ

ដោយ:អង្គរតូច/សៀមរាប: អាជ្ញាធរជាតិអប្សរា មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី៤ ខែមីនា បានចូលរួមប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ប្រកបអាជីវកម្មដុតឥដ្ឋ និងក្បឿង បញ្ឍប់ការជីកកាយយកអាចម៍ដី ពីទំនប់ព្រែកជីក ដែលជាទំនប់បុរាណ។ 

កិច្ចប្រជុំបានប្រព្រឹត្តទៅ នៅសាលាឃុំដានរុន ស្រុកសូទ្រនិគម មានគោលបំណងអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលមានអាជីវកម្មដុតឥដ្ឋនៅលើខ្នងទំនប់ព្រែកស្រមោច (ព្រែកជីក) ឬហៅថាផ្លូវសំពៅ ដែលជាទំនប់បុរាណមានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប សូមកុំជីកកាយយកអាចម៍ដីពីខ្នងទំនប់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបជាបន្តទៀត។

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរអប្សរា បានអំពាវនាវដល់បងប្អូនអាជីវករផលិតឥដ្ឋ និងក្បឿងសូមប្រើប្រាស់ទីតាំងរបស់ខ្លួនដូចដើម ដើម្បីចូលរួមថែរក្សាកេរដំណែលរបស់ដូនតា ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិ ។ ប៉ុន្តែត្រូវយកអាចម៍ដីពីកន្លែងផ្សេងមកធ្វើ ជៀសវាងការខូចខាត ឬធ្វើឲ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្រ្ត។ លោកក៏បានស្នើសុំឲ្យជួយថែរក្សាបុរាណដ្ឋានមួយចំនួនផ្សេងៗទៀត មានដូចជាប្រាសាទ បឹងបុរាណ ទួលបុរាណ សម្រាប់កូនចៅជំនាន់ក្រោយ។

លោកបានបញ្ជាក់ថា ព្រែកជីកខាងលើនេះមានប្រភពពីជើងភ្នំគូលែន រហូតដល់បឹងទន្លេសាប។ ថ្វីត្បិតសព្វថ្ងៃបានបាត់ដានខ្លះៗនៅជិតភ្នំ ប៉ុន្តែផ្នែកខាងក្រោម មានដានកាន់តែច្បាស់មានទឹកប្រើប្រាស់ជាព្រែកនៅឡើយ។ កាលពីសម័យបុរាណ ព្រែកជីកនេះមានតួនាទីសំខាន់ ក្រៅពីផ្តល់ទឹកសម្រាប់កសិកម្មដល់សហគមន៍ ជុំវិញ គឺជាផ្លូវដឹកជញ្ជួនថ្មពីភ្នំគូលែនមកតំបន់អង្គរ និងសម្រាប់ធ្វើជំនួញផង។ល៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular