Home ព័ត៌មានជាតិ នយោបាយ ហ៊ីង ហោ​៖ តួ...

ហ៊ីង ហោ​៖ តួ​សម្តែង​ក្នុង​កង​សិល្បៈ​ខ្មែរក្រហម​

ដោយៈ សួត វិចិត្រ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/​ភ្នំពេញៈ​ហ៊ីង ហោ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​រុន ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប​។ ហោ បាន​និយាយ​រៀបរាប់​ពី​ជីវិត​ក្នុង​កងកុមារ និង​ការងារ​នៅក្នុង​កង​សិល្បៈ​ខ្មែរក្រហម​ថា «​កាលពី​ឆ្នាំ​១៩៧៣ ខ្ញុំ​បានរស់នៅ​ជួបជុំ​ជាមួយ​ម្ដាយ​។

ហ៊ីង ហោ អាយុ​៥៧​ឆ្នាំ និង​ប្រពន្ធ​របស់គាត់​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​(​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ឪពុក​របស់ខ្ញុំ​គឺជា​កងទ័ព​ខ្មែរក្រហម​ក្នុង​តំបន់​រំដោះ​ខេត្ដ​សៀមរាប​។ ស្ថានភាព​នៅក្នុង​ភូមិរ​បស់​ខ្ញុំ​នៅពេលនោះ គឺ​ច្របូកច្របល់​ណាស់ ហើយ​មនុស្សម្នា​ជាច្រើន​បាននាំគ្នា​រត់​ចូលទៅ​ក្នុងព្រៃ ដើម្បី​គេចខ្លួន​ពី​ការទម្លាក់​គ្រាប់បែក​របស់​ទាហាន លន់ នល់​។
​នៅ​អំឡុងពេល​ហេតុការណ៍​នោះ​កើតឡើង ខ្ញុំ​ក៏បាន​ឃើញ​យន្ដហោះ​ជាច្រើន​គ្រឿង​របស់​កងទ័ព លន់ នល់ មក​ទម្លាក់​គ្រាប់បែក​នៅលើ​ភូមិឋាន​របស់ខ្ញុំ ជាពិសេស​នៅ​ជាយៗ​ភូមិ​ដែលមាន​កងទ័ព​ខ្មែរក្រហម​។ កងទ័ព​ជើង​អាកាស​ទាំងនោះ ថែមទាំង​បានដាក់​ការសង្ស័យ​មកលើ​ភូមិ​របស់ខ្ញុំ​ថា មាន​កងទ័ព​ខ្មែរក្រហម​ជាច្រើន​កំពុង​លាក់ខ្លួន​នៅក្នុង​ភូមិ​។ មិនយូរប៉ុន្មាន គ្រាប់បែក​មួយ​គ្រាប់​បាន​ធ្លាក់ចំ​កណ្ដាល​ភូមិ​របស់​យើង​។ សំណាងល្អ​គ្រាប់បែក​ប្រវែង​១.៥​ម៉ែត្រ​នោះ​មិន​ផ្ទុះ​។ ទោះបីជា​យ៉ាងនេះ​ក្ដី ប្រជាជន​នៅក្នុង​ភូមិ​បាន​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ហេតុការណ៍​ទម្លាក់​គ្រាប់បែក​នេះ​។ ប្រជាជន​ក្នុងភូមិ​មានការ​ភ័យខ្លាច និង​ព្រាត់ប្រាស់​ក្រុមគ្រួសារ​ជា​បន្ដបន្ទាប់ នៅពេលដែល​អ្នក​ទាំងនោះ​បាននាំគ្នា​រត់​ចូលទៅ​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​។ ប្រជាជន​មួយចំនួន​បាន​បន្សាំ​ខ្លួន​រស់នៅ​ក្នុងព្រៃ​ក្នុង​រយៈពេល​ខ្លី រួច​ហើយក៏​នាំគ្នា​ត្រឡប់​មកកាន់​លំនៅឋាន​របស់ខ្លួន​វិញ​។ ប្រជាជន​មួយចំនួនធំ​ទៀត បាន​បន្ដ​រស់នៅ​ជាមួយ​ខ្មែរក្រហម​ក្នុងព្រៃ​រយៈពេល​យូរ​។

ប្រជាជន​ដែល​ត្រឡប់មក​រស់នៅ​ក្នុងភូមិ​ឋាន​របស់ខ្លួន​វិញ ក៏បាន​ប្រទះឃើញ​នូវ​គ្រាប់បែក​ដែល​មិនទាន់​ផ្ទុះ​ស្ថិតនៅ​ចំ​កណ្ដាល​ភូមិ និង​បាននាំគ្នា​ប្រញាប់ប្រញាល់​ទៅ​ដោះយក​ក្បាល​គ្រាប់​នោះ​ចេញ​និង​ចូក​យក​រំសេវ​ដាក់​ដោយឡែក​ដើម្បី​បង្កា​គ្រោះថ្នាក់​នៅពេល​ក្រោយ​។ ប្រជាជន​ដែល​ត្រឡប់​ទៅក្នុង​ភូមិ​ទាំងនោះ ក៏​ទទួលរង​នូវ​ការ​គំរាម​គំហែង និង​ការឈឺចាប់​ដោយ​ការចាប់ខ្លួន​ពី​សំណាក់​ទាហាន លន់ នល់​, ការទម្លាក់​គ្រាប់បែក និង​ការឆក់ប្លន់​ទ្រព្យសម្បត្ដិ​នៅក្នុង​ភូមិ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​នៅក្នុង​ភូមិ ដែល​រត់​ចូល​ព្រៃ​បាន​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​កាន់តែ​ច្រើនឡើង​។​

ហ៊ីង ហោ ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​ស្រាវជ្រាវ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៅក្នុង​វេទ​កា​ប្រវត្តិសាស្ត្រ​គ្រួសារ​។
(​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយសារ​តែមាន​ការចូល​រួម​ពី​ប្រជាជន និង​មកពី​គ្រប់​មជ្ឈដ្ឋាន​កើនឡើង​ជាមួយ​ខ្មែរក្រហម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះហើយ កងទ័ព លន់ នល់ បាន​ទទួលរង​ភាពបរាជ័យ​។ ទីក្រុង​ភ្នំពេញ​ទាំងមូល បាន​ធ្លាក់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​ខ្មែរក្រហម​ទាំងស្រុង​នៅក្នុង​ថ្ងៃទី​១៧ ខែ មេសា ឆ្នាំ​១៩៧៥ ។​
​បន្ទាប់ពី​ជ័យជម្នះ​របស់​ខ្មែរក្រហម ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ការងា​រ​ក្នុង​កងកុមារ​។ កុមារ​នៅពេលនោះ​មិន​ទទួលបាន​ការរៀនសូត្រ​ពេញលេញ និង​ការហូបចុក​គ្រប់គ្រាន់​ទេ​។ កុមារ​នៅក្នុង​កង​របស់ខ្ញុំ ដែលមាន​គ្នា​ចន្លោះ​ពី​៥០​នាក់​ទៅ​១០០​នាក់ បាន​ចំណាយ​ពេលវេលា​របស់ខ្លួន​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការងារ​បម្រើ​អង្គការ​របស់​ខ្មែរក្រហម​។ ជា​រៀងរាល់ថ្ងៃ យើង​ដើរ​រើស​អាចម៍គោ​, កាប់​ដើម​ទន្ទ្រានខែត្រ និង​ធ្វើ​ជី​ដាក់​ស្រែ​។ យើង​ទទួលបាន​របប​មួយ​កូនចាន​តូច​ក្នុង​មួយពេល​។ ប្រធាន​កង​របស់​យើង​បានផ្ដល់​របប​អាហារ​ស្មើៗ​គ្នា ដោយ​មិន​គិតពី​កូន​របស់​ប្រជាជន​ចាស់ ឬ​ប្រជាជន​ថ្មី​ឡើយ​។

​ខ្ញុំ​បានរស់នៅ​ក្នុង​កងកុមា​រ រហូតដល់​ខ្ញុំ​មាន​វ័យ​ធំ​ល្មម​ដែល​អាច​សម្ដែង​ជា​តួ​ក្នុង​កង​សិល្បៈ​បាន​។ ខ្ញុំ​បាន​សម្តែង​ជា​តួ​ត្លុក​កំប្លែង​នៅក្នុង​រឿង «​អ៊ី​ណាវ​បុស្បា​» ដែល​បាន​ដកស្រង់​ចេញពី​រឿង​ប្រលោមលោក​ខ្មែរ​។ រឿងនេះ បាន​បែង​ចែកជា​ឈុត​ឆាក​កម្សត់​បែប​ស្នេហា និង​ត្លុក​កំប្លែង​។ ការសម្តែង​រឿងនេះ មានការ​ប្រើ​ស្គរ​ដៃ ឬ​ជួនកាល​ជំនួស​ដោយ​ធុង​ដងទឹក​ទៀតផង ដែល​ញ៉ាំង​ឲ្យ​បរិយាកាស​មាន​ភាពសប្បាយ​រីករាយ​។ យើង​បានជ្រើសរើស​អ្នក​សម្ដែង​ប្រមាណ​ពី​១០​ទៅ​១២​នាក់​នៅក្នុង​សហករណ៍​។
​ខ្ញុំ​មិន​ធ្លាប់​ទៅ​សម្ដែង​នៅក្រៅ​ភូមិ​ទេ ដោយសារ​ខ្ញុំ​នៅមាន​ភាព​ខ្មាស់អៀន​។ ខ្ញុំ​ចាំបាន​ថា រឿង «​អ៊ី​ណាវ​បុស្បា​» មិនដែល​បាន​សម្ដែង​ដល់​វគ្គ​បញ្ចប់​ទេ ដោយសារ​ពេលខ្លះ​ក្រុម​របស់ខ្ញុំ​ខ្វះ​តួអង្គ​សម្ដែង និង​ពេលខ្លះទៀត អ្នកទស្សនា​បាន​បបួលគ្នា​ទៅ​ដេក​អស់​។ ជាទូទៅ យើង បាន​សម្ដែង​ដល់​យប់​ជ្រៅ ដោយ​មិន​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​សម្ដែង​ទេ​។ គោលបំណង​នៃ​ការសម្ដែង​របស់​យើង គឺ​គ្រាន់តែ​ចង់​សម្រាល​បន្ទុក​នឿយហត់​របស់​ប្រជាជន​ក្នុង​សហករណ៍​តែប៉ុណ្ណោះ​។
​នៅក្នុង​តួ​បែប​ត្លុក​កំប្លែង ខ្ញុំ​បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទាំងចាស់ទាំងក្មេង​បាន​សើច​លេង​សប្បាយរីករាយ បើទោះបីជា​ជីវិត​នៅតាម​សហករណ៍​បាន​ប្រឈម​នូវ​ការលំបាក និង​ស្ថិតនៅក្នុង​ស្ថានភាព​អត់ឃ្លាន​យ៉ាងណាក៏ដោយ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular