ប្រែសម្រួលៈវាសនា/ប៉េកាំង៖មេដឹកនាំលំដាប់ទី២របស់ចិន បានកំណត់កំណើនសេដ្ឋកិច្ចដ៏សមស្របមួយកាលពីថ្ងៃសុក្រ និងបានប្តេជ្ញាធ្វើអោយប្រជាជាតិមួយនេះកាន់តែពឹងលើខ្លួនឯងខាងបច្ចេកវិទ្យាចំពេលមានភាពតានតឹងជាមួយអាម៉េរិកនិងសហភាពអឺរ៉ុបអំពីពាណិជ្ជកម្មនិងសិទ្ធិមនុស្ស។
នាយករដ្ឋមន្ត្រីចិនលោក លី ឃឹឈាំងបាននិយាយក្នុងសុន្ទរកថាទៅកាន់សភាចិនថា គណបក្សកុំម្មុនីស្តមានបំណងអោយសេដ្ឋកិច្ចកើនលើ៦ភាគរយនៅពេលសេដ្ឋកិច្ចលំដាប់ទី២លើលោកនេះ ងើបចេញពីផលវិបាកនៃជំងឺកូវីដ១៩ ។
សមាជិកសភាប្រមាណ៣.០០០រូបបានជួបប្រជុំប្រចាំឆ្នាំ ក្រោមការការពារសន្តិសុខនិងការគ្រប់គ្រងប្រឆាំងវីរុសយ៉ាងតឹងរឹង។វាត្រូវបានកាត់បន្ថយពី២សប្តាហ៍មក១សប្តាហ៍ ដោយសារជំងឺឆ្លង។
ក្នុងកិច្ចប្រជុំនេះដែរ អនុប្រធានសភាចិនលោក វ៉ាង ចេន បាននិយាយថាគណៈកម្មាធិការបោះឆ្នោតហុងកុងមួយដែលត្រូវបានតែងតាំងឡើងដោយអ្នកធុរកិច្ចនិងបុគ្គលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងដទៃទៀតនឹងទទួលបានតួនាទីធំឡើងនៅក្នុងការជ្រើសរើសសភារបស់ដែនដីនេះ។
លោកវ៉ាងបាននិយាយថា គណៈកម្មាធិការបោះឆ្នោតនេះនឹងជ្រើសរើសសមាជិកមួយភាគធំ ក្នុងក្រុមប្រឹក្សាសភាដែលមាន៧០រូប។
នៅថ្ងៃសុក្រនេះដែរ រដ្ឋាភិបាលចិនបានប្រកាសដំឡើងចំណាយយោធា៦,៨ភាគរយ រហូតដល់ចំនួន១,៤លានលានយ័ន(២១៧ពាន់លានដុល្លារ) ចំពេលមានជម្លោះព្រំដែនជាមួយឥណ្ឌា និងប្រទេសជិតខាងផ្សេងទៀត មហិច្ឆតារបស់ចិនដើម្បីតាមទាន់កម្មវិធីកាំជ្រួចរបស់អាម៉េរិកនិងរុស្ស៊ី យន្តហោះបំបាំងកាយនិងបច្ចេកវិទ្យាសព្វាវុធដទៃទៀត៕
នាយករដ្ឋមន្ត្រី លី ឃឹឈាំង ថ្លែងសុន្ទរកថាក្នុងអំឡុងពេលបើកប្រជុំសភាប្រចាំឆ្នាំនៅក្រុងប៉េកាំងកាលពីថ្ងៃសុក្រទី៥មីនា