Home ព័ត៌មានសំខាន់ៗ នាយ​ឧ​ត្ត​ម​ស...

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន : សមត្ថកិច្ច​កំពុងតែ​សាកសួរ​សន្តិសុខ​ដែល​នាំ​ជនជាតិ​ចិន​គេច​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា សន្តិសុខ​ដែលជា​ប់​ពាក់ព័ន្ធ​រឿង​ជម្លៀស​ជនជាតិ​ចិន​គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ដែលជា​ដើមចម​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ គឺ​កំពុងស្ថិត​នៅក្រោម​ការសាកសួ​រ​របស់​មន្ត្រី​ជំនាញ នៃ​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន(រូបឯកសារ)

អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា​នេះ​ថា សន្តិសុខ​សណ្ឋាគារ​សុខា​ភ្នំពេញ​កំពុងតែ​ស្ថិតក្រោម​ការសាកសួរ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅពេលដែល សាកសួរ​រួចហើយ ទើបបាន​ដឹងថា ត្រូវ​ចាត់ការ​យ៉ាងណា​។ “​ឥឡូវនេះ នៅក្នុង​ដំណាក់កាល​មួយ​ដែល​យើង​កំពុងតែ​សួរ សួរ​ចប់សព្វគ្រប់​ហើយ​បាន​យើង​ដឹងថា ត្រូវ​ចាត់ការ​យ៉ាងម៉េច​”​។​

​សូមជម្រាបថា​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​បាន​បញ្ជូន​ខ្លួន​សន្តិសុខ​សណ្ឋាគារ​សុខា​ភ្នំពេញ​ទៅកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​សន្តិសុខ​រូបនេះ បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម រយៈពេល ១៤​ថ្ងៃ ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩​។​សន្តិសុខ​ដែល​ឃាត់ខ្លួន​ឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ​៣៨ ឆ្នាំ​មុខរបរ​សន្តិសុខ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ជួយ​រំដោះ​ជនជាតិ​ចិន​ចំនួន​៤​នាក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​ដែល​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី​ចិន​ម្នាក់​ដែល​គេ​រកឃើញ​មាន​ជំងឺឆ្លង​កូ​វីដ​១៩​ផងដែរ​កាលពី​ខែកុម្ភៈ​កន្លងមកនេះ​។

រូបថតៈឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ​៣៨ ឆ្នាំ​មុខរបរ​សន្តិសុខ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ជួយ​រំដោះ​ជនជាតិ​ចិន​ចំនួន​៤​នាក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​ដែល​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី​ចិន​ម្នាក់​ដែល​គេ​រកឃើញ​មាន​ជំងឺឆ្លង​កូ​វីដ​១៩​ផងដែរ

កាលពី​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ មាន​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ដោយសារ​សន្តិសុខ​រូបនេះ បាន​ជម្លៀស​ស្ត្រីជន​ជាតិចិន​ឲ្យ​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក (​ស​ណ្ឋា​រ​សុខា​ភ្នំពេញ​) បន្ទាប់មក​ក៏មាន​ការផ្ទុះ​ជំងឺ​កូ​វីដ​សារជាថ្មី រហូត​រក​ដល់​ចំនួន ៣២​នាក់ ត្រឹមតែ​រយៈពេល​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រសិទ្ធ​នាម​ថា ជា​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។​

​ចាប់តាំងពី​មាន​ព្រឹត្តិការណ៍ សហគមន៍​២០​មក អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​៤២៥​នាក់ ដែល​ព្រឹត្តិការណ៍​សហគមន៍ ឆ្លង​ច្រើន​ទ្វេដង ជាង​ព្រឹត្តិការណ៍ សហគមន៍ ៣ វិច្ឆិកា និង​២៨ វិច្ឆិកា​។​
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​៥ មីនា មាន​អ្នក​ឆ្លង​សរុប​ចំនួន​៩៣២​នាក់ អ្នកជា​សះស្បើយ​ចំនួន​៤៨៩ នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន​៤៤២​នាក់ ៕​សរន​

រូបថតៈឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ​៣៨ ឆ្នាំ​មុខរបរ​សន្តិសុខ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ជួយ​រំដោះ​ជនជាតិ​ចិន​ចំនួន​៤​នាក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​ដែល​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី​ចិន​ម្នាក់​ដែល​គេ​រកឃើញ​មាន​ជំងឺឆ្លង​កូ​វីដ​១៩​ផងដែរ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular