ដោយៈ សរិទ្ធ / កណ្តាលៈ អាជ្ញាធរខេត្តកណ្តាល បានបញ្ជាក់នៅរសៀល ថ្ងៃទី៥ មីនានេះ ឲ្យដឹងថាៈ យ៉ាងហោចណាស់ មនុស្សជាង ៧០០ នាក់ ត្រូវបានដាក់ឲ្យ ធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញ ជនជាតិចិនម្នាក់ មានវិជ្ជមានកូវីដ ១៩ នៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាល សាលាខេត្តកណ្តាល បានឲ្យដឹងថាៈ ជនជាតិចិន ដែលឆ្លងកូវីដ ១៩ នោះ បានធ្វើតេស្តលើកទី១ មិនមានលទ្ធផល វិជ្ជមានទេ លុះធ្វើតេស្តលើកទី២ ទើបចេញលទ្ធផលវិជ្ជមាន ហើយត្រូវបានបញ្ជួន មកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។
លោកបានបន្តថាៈ ចំណែកជនជាតិចិន ៣ នាក់ ដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ ត្រូវបានក្រុមគ្រូពេទ្យ យកចេញពីសណ្ឋាគារ នៅជ្រៃធំ មកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កវិញ ដោយសារពួកគាត់ មានសញ្ញាហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ ១៩។
មន្ត្រីរដ្ឋបាលខេត្តរូបនេះ បានបន្តថាៈ មនុស្សប្រមាណជាង ៧០០ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅសណ្ឋាគារនោះ តម្រូវឲ្យធ្វើតេស្ត ចំនួន ៣ ដង ដើម្បីឲ្យប្រាកដថា ពួកគេ មិនមានឆ្លងជំងឺកូវីដ ១៩ ព្រោះថា ជួនកាលធ្វើតេស្ត ១ ដង ឬ ២ ដង មិនអាចមើលឃើញនោះទេ។
បើតាមលោក គ្រុយ ម៉ាឡែន អ្នកជំងឺកូវីដ ១៩នេះ បានឆ្លងពីជនជាតិចិន ដូចគ្នា ក្នុងចំណោម ១៩ នាក់ ដែលបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។
លោកបានបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ ខេត្តកណ្តាល មានអ្នកឆ្លងជំងឺកូវីដ តែ ១នាក់ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈនេះ ខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ចំនួន ៣.៦៦៦ នាក់ (ស្រី ១.៧៣២ នាក់) ក្នុងនោះ បានយកសំណាក ទៅធ្វើតេស្តចំនួន ២.៩៨៤ នាក់ (ស្រី ៦១៤ នាក់) ៕/V