ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើ តម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនរបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី រថយន្ត។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សាវឌ្ឍនភាពការងារទាក់ទងនឹងការគ្រប់គ្រងការចុះបញ្ជីយានយន្ត និងរូបមន្តកំណត់តម្លៃលក់លេខពិសេសផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធអនឡាញ សំដៅធានាបាន នូវការគ្រប់គ្រង និងការប្រមូលចំណូលថវិកាជាតិឱ្យបានច្រើនឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួនទៅកាន់ បណ្ដាក្រុមហ៊ុនឯកជនធំៗនានាដែលមានបំណងចង់ប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀងគរចំណូលថវិកាជាតិឱ្យបានច្រើនថែមទៀត៕