ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ ប៉ូលិសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របានបាញ់លើអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ដោយបានសម្លាប់បុរសម្នាក់នៅពេលអន្តរជាតិថ្កោលទោសលើរបបយោធាមីយ៉ាន់ម៉ា ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងជួបពិភាក្សាអំពីវិបត្តិនេះ។
ពួកសកម្មជនបានទាមទារស្តាររដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី ឡើងវិញ និងកាលពីថ្ងៃសុក្រពួកគេបានចេញមកទាមទារនៅទីក្រុងជាច្រើន ដោយមនុស្សរាប់ពាន់នាក់ដើរដង្ហែដោយសន្តិវិធីកាត់ទីក្រុងម៉ាន់ដាឡេ។ប៉ូលិសក្រោយមកបានបាញ់បំបែកហ្វូងបាតុកម្ម ដោយបណ្តាលអោយបុរសម្នាក់ត្រូវគ្រាប់ចំកនិងស្លាប់។
នៅទីក្រុងយ៉ាងហ្គោន ប៉ូលិសក៏បានបាញ់គ្រាប់ជ័រនិងគ្រាប់បែកធ្វើអោយវង្វេងដើម្បីបំបែកហ្វូងប្រឆាំងតវ៉ា ដែលមានការចូលរួមពីវេជ្ជបណ្ឌិតប្រមាណ១០០នាក់។
សាក្សីបាននិយាយថា អ្នកប្រឆាំងតវ៉ាក៏ជួបជុំនៅទីប្រជុំជន ផាថេន ខាងលិចក្រុងយ៉ាងហ្គោន។
កាលពីថ្ងៃព្រហស្បតិ៍កងកម្លាំងសន្តិសុខបានបាញ់បំបែកហ្វូងបាតុកម្មនៅទីក្រុងជាច្រើន ហើយអង្គការសហប្រជាជាតិនិយាយថាមនុស្ស៣៨នាក់ត្រូវបានសម្លាប់នៅថ្ងៃនោះ។ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឥឡូវទាមទារអោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បញ្ឈប់អ្វីដែលលោកស្រីហៅថា «ការបង្ក្រាបព្រៃផ្សៃលើអ្នកប្រឆាំងតវ៉ាអហិង្សា»៕
ប៉ូលិសបន្តបង្រ្កាបការតវ៉ាប្រឆាំងនឹងអាជ្ញាធរយោធានៅមីយ៉ាន់ម៉ា