​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រេសិត​ពិសេស​អ​.​ស​.​ប​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​ទី​៥​មីនា​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​ក្រុមប្រឹក្សាសន្តិសុខ​ជាបន្ទាន់​ដើម្បី​ទាត់​ចោល​រដ្ឋប្រហារ​យោធា​មី​យ៉ាន់​ម៉ា ដោយ​និយាយថា ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​ជាង​៥០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបង្ក្រាប​ដ៏​អាក្រក់​បំផុត​របស់​យោធា​នៅ​សប្តាហ៍​នេះ ហើយ​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​។​

​លោកស្រី គ្រីស្ទី​ន ស្រា​ន័រ បួ​ជេន័រ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​របស់លោក​ស្រី​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បិទទ្វារ​មួយ ដែល​ចេញផ្សាយ​ដោយ​អ​.​ស​.​ប​ថា​ការរួបរួម​គ្នា​សាមគ្គី​គ្នា​របស់​ក្រុមប្រឹក្សា​និង​​សកម្មភាព “​ក្លៀវក្លា​” គឺ​មាន​សារៈសំខាន់​ក្នុង​ការជំរុញ​ឱ្យ​បញ្ឈប់​អំពើហិង្សា​និង​ស្តារ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​ឡើងវិញ​។​

​លោកស្រី គ្រីស្ទី​ន ស្រា​ន័រ បួ​ជេន័រ​

​លោក​ស្រី​និយាយថា “​យើង​ត្រូវតែ​ថ្កោលទោស​រាល់​សកម្មភាពរ​បស់​យោធា​។ វា​ជា​ការសំខាន់​ណាស់​ដែល​ក្រុមប្រឹក្សា​នេះ​ត្រូវ​មាន​ភាពម៉ឺងម៉ាត់​និង​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ព្រមាន​កម្លាំង​សន្តិសុខ​និង​ឈរ​នៅ​​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​គាំទ្រ​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា​ដ៏​ច្បាស់ក្រឡែត​នោះ​”​។​

​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ​បាន​បណ្តេញ​រដ្ឋាភិបាលរ​បស់​លោកស្រី​អ៊ុង សាន ស៊ូ ជី បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ឈ្នះ ៨២​ភាគរយ​នៃ​ការបោះឆ្នោត​​ក្នុង​ខែវិច្ឆិកា​។ យោធា​អះអាងថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បាន​គាំទ្រ​លទ្ធផល​។​

​លោកស្រី​បួ​ជេ​ន័រជា​អ្នកការទូត​ស្វីស​ជើង​ចាស់​បាន​និយាយថា​លោកស្រី​សង្ឃឹមថា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​និង​ប្រើ​មុខតំណែង​ល្អ​របស់​លោកស្រី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​​ការសន្ទនា​។ លោកស្រី​បាន​ប្រកាសថា​លោកស្រី​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ប្រទេស​នានា​ក្នុង​តំបន់​ដើម្បី​ជួយ​លើកកម្ពស់​ការចូលរួម​របស់​អន្តរជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ប្រសិនបើ​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​​កូវី​ដ​១៩ ត្រូវបាន​បន្ធូរបន្ថយ​។​

​ក្រុមប្រឹក្សា​សន្តិសុខ​មិន​បាន​ចាត់វិធានការ​ឬ​ឆ្លើយតប​យ៉ាងណា​ភ្លាមៗ​ទេ​។

​អ្នកការទូត​របស់​ក្រុមប្រឹក្សា​បាន​និយាយ​ថា​ចក្រភព​អង់គ្លេស​បាន​ចែកចាយ​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​សម្រាប់​ការពិចារណា​ដែល​វា​ជា​ជំហាន​មួយ​ស្ថិត​​នៅក្រោម​សេចក្តីសម្រេចចិត្ត ដែល​ជាប់​កាតព្វកិច្ច​ស្របច្បាប់​៕

​លោកស្រី​បួ​ជេន័រ​សង្កត់ធ្ងន់ថា ដំណោះស្រាយ​សន្តិវិធី​គឺ​តម្រូវ​ឱ្យមាន​ការដោះលែង​លោកស្រី​ស៊ូ​ជី និង ប្រធានាធិបតី វីន មី​យីន៍ ជាបន្ទាន់​។

​លោកស្រី​អំពាវនាវ​ម្តង​ទៀត​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួល​ស្គាល់​ឬ​ផ្តល់​ភាពស្របច្បាប់​ដល់​របប​នេះ ដោយ​សង្កត់ធ្ងន់ថា “​គ្មានអ្វី​ក្រៅតែពី​ចលាចល​នោះ​ឡើយ​ដែល​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋប្រហារ​”៕

​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​លើក​បដា​មេដឹកនាំ​ស៊ូ​ជី​នៅ​ទីក្រុង​យ៉ាងហ្គោន​កាលពី​ថ្ងៃ​សុក្រ