ប្រែសម្រួល : កញ្ញាដាលីស ៖ គ្រូពេទ្យសត្វឥណ្ឌាបានទាញយកប្លាស្ទិក ដែកគោល និង សំរាមផ្សេងៗសរុប ៧១ គីឡូក្រាមពីពោះគោផើមមួយក្បាល ប៉ុន្តែទាំងមេគោនិងកូនវាបានងាប់បាត់ទៅហើយ។
ករណីនេះបានឆ្លុះបញ្ចាំងពីបញ្ហាទ្វេរបស់ប្រទេសនេះ គឺ ការបំពុលបរិស្ថាន និងសត្វគោក្រអនាថា។
សត្វគោប្រមាណ ៥ លានក្បាលបានដើរពាសពេញទីក្រុងនានារបស់ឥណ្ឌា ដោយគោភាគច្រើនស៊ីសំរាមប្លាស្ទិកតាមដងផ្លូវ។
សត្វគោនេះត្រូវបានជួយសង្គ្រោះបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែកុម្ភៈដោយអង្គការមនុស្សដើម្បីសត្វហ្វារីដាបាដ។
គ្រូពេទ្យសត្វម្នាក់បានកត់សម្គាល់ឃើញគោផើមនេះកំពុងជួបការលំបាក។
ប្រធានប្រតិបត្ដិអង្គការលោក រ៉ាវី ឌូបាយ និយាយថា នៅក្នុងការវះកាត់រយៈពេល ៤ ម៉ោងកាលពីថ្ងៃទី ២១ ខែកុម្ភៈ គ្រូពេទ្យសត្វបានរកឃើញដែកគោល ប្លាស្ទិក ថ្មម៉ាប និងសំរាមផ្សេងទៀតនៅក្នុងពោះគោ។
ក្រុមគ្រូពេទ្យក៏បានព្យាយាមជួយបង្កើតកូនគោមិនគ្រប់ខែផងដែរ។
លោកឌូបាយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “កូនគោមិនមានកន្លែងធំគ្រប់គ្រាន់ដើម្បីលូតលាស់នៅក្នុងពោះមេវា ដូច្នេះវាក៏ងាប់”។
បីថ្ងៃក្រោយមកមេគោក៏ងាប់ដែរ។
លោកឌូបាយនិយាយថា “ក្នុងរយៈពេល ១៣ ឆ្នាំនៃបទពិសោធន៍របស់ខ្ញុំ នេះគឺជាសំរាមធំបំផុតដែលយើងបានយកពីគោ…យើងត្រូវប្រើកម្លាំងសាច់ដុំដើម្បីយកវាចេញទាំងអស់”៕
មេគោងាប់ទាំងកូនក្នុងពោះរួមទាំងសំរាម ៧១ គីឡូក្រាម