Home ព័ត៌មានសំខាន់ៗ ទីតាំងសត្តឃាត...

ទីតាំងសត្តឃាតឆ្កែដ៏ធំមួយកន្លែងនៅស្គន់ត្រូវបានបិទ

ដោយ: ពៅនិមល/ភ្នំពេញ: អង្គការសុខុមាលភាពសត្វសកលលោក (FOUR PAWS) បានសហការជាមួយនឹងអាជ្ញាធរបិទកន្លែងសំលាប់សត្វឆ្កែមួយកន្លែងនៅស្គន់ ក្នុងខេត្តកំពង់ចាម និងបានជួយសង្គ្រោះសត្វឆ្កែ ១៦ក្បាលបន្ថែមទៀត ខណៈដែលទីសត្តឃាតនេះត្រូវបានគេចាត់ទុកថា ជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់ និងទៅដល់ភោជនីយដ្ឋានលក់សាច់ឆ្កែទាំងក្នុង និងជុំវិញរាជធានីភ្នំពេញ។

តាមការលើកឡើងរបស់ អង្គការ នេះ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងទៀតថា ទីតាំងដែលត្រូវបិទខាងលើនេះ តាមរយៈការស៊ើបអង្កេតលើការជួញដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនមកម្ល៉េះ។ 

ប្រភពដដែលរៀបរាប់បន្តថា ក្រុមការងារក្នុងស្រុករបស់អង្គការ នេះ បានទៅជួបជាមួយម្ចាស់ទីតាំងជាច្រើនដង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីគាត់បានទាក់ទងរកជំនួយដើម្បីដើរចេញពីការរកស៊ីលក់សាច់ឆ្កែបន្ដទៀត។ 

ប្រភពដដែលបានប៉ាន់ប្រមាណថា នៅប្រទេសកម្ពុជា សត្វឆ្កែប្រមាណ ៣លានក្បាល ភាគច្រើនជាសត្វចិញ្ចឹមដែលត្រូវបានចោរលួច និងយកទៅសម្លាប់ធ្វើជាអាហារជារៀងរាល់ឆ្នាំ។ 

លោកស្រីបណ្ឌិត ខាធើរីន ប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានរាយការណ៍ថា ទីសត្តឃាតមួយនេះ គឺជាកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលក្រុមរបស់យើងបានប្រទះ។ 

លោកស្រីបានបន្តថា នៅពេលដែលយើងបានរកឃើញអាងទឹកស៊ីម៉ងត៍ពីរជាន់ គឺបានបញ្ជាក់យ៉ាងច្បាស់ថា កន្លែងសំលាប់សត្វដែលរចនាឡើងសំរាប់សំលាប់រង្គាល។ ក្នុងរយៈពេល ២៥ឆ្នាំនេះ សត្វឆ្កែជាងមួយលានក្បាលត្រូវបានពន្លិចក្នុងទឹកនៅឯទីសត្តឃាតមួយនេះ។ លោកស្រីឱ្យដឹងទៀតថា ការអនុវត្តនៃការពន្លិចទឹកសត្វឆ្កែទាំងរស់នេះ បង្កឱ្យមានភាពឈឺចាប់យ៉ាងខ្លាំងដល់សត្វ ហើយការធ្វើបែបនេះ គឺពិតជាមិនបាន សូម្បីតែអនុលោមតាមស្តង់ដារអន្តរជាតិនៃមនុស្សធម៌ណាមួយទាល់តែសោះ។ ដោយឡែក សត្វឆ្កែ ១៦ក្បាលដែលបានរកឃើញនៅនឹងកន្លែង គឺជាសត្វរស់រានមានជីវិតពីការអនុវត្តន៍បុរាណដ៏គួរឱ្យរន្ធត់មួយនេះដែលមិនគួរឱ្យមានវត្តមាននៅក្នុងសង្គមទំនើបមួយនេះទេ។

 លោកស្រីលើកឡើងថា ក្នុងរយៈពេលពីរសប្តាហ៍មកនេះ សត្វឆ្កែសរុបចំនួន៧៧ក្បាល ត្រូវបានជួយសង្គ្រោះ សត្វឆ្កែដែលជួយ សង្គ្រោះទាំង ១៦ក្បាលខាងលើ ឥឡូវនេះបានចូលរួមជាមួយឆ្កែចំនួន ៦១ក្បាលដែលត្រូវបានជួយសង្រ្គោះ។ 

កាលពីពេលថ្មីៗកន្លងទៅ មន្ទីរកសិកម្មខេត្តសៀមរាបបានរកឃើញសត្វឆ្កែត្រូវបានដាក់ប្រជ្រៀតគ្នាចូលទៅក្នុងទ្រុងតូចៗចំនួន ៦ក្នុងឡានទួរីសតូចមួយធ្វើដំណើរឆ្លងកាត់ខេត្តទៅកាន់ទីសត្តឃាតដោយចំណាយពេលជាច្រើនម៉ោង។ ទោះបីជាការជួញដូរសាច់ឆ្កែត្រូវបានហាមឃាត់ជាផ្លូវការនៅខេត្តសៀមរាបចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ក៏ដោយ ក៏ជាលើកទី១ ដែលឆ្កែត្រូវបានរឹបអូសជួយសង្រ្គោះដោយអាជ្ញាធរ។ ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងស្រុករបស់ខ្លួនគឺ “អង្គការសង្គ្រោះសត្វកម្ពុជា” នៅភ្នំពេញ និង “Paw Patrol Cambodia” នៅខេត្តសៀមរាប អង្គការ FOUR PAWកំពុងផ្តល់ការថែទាំសុខភាពនិងរៀបចំឆ្កែចំនួន ៧៧ ក្បាលសម្រាប់ការទទួលចិញ្ចឹមពីអ្នកស្រលាញ់សត្វ។ 

សូមបញ្ជាក់ថា មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោកបានប្រកាន់ជំហរប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មា

ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាប្រកបដោយនិរន្តរភាពនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយថ្នាក់អន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ 

ប្រជាជនជាងមួយលាននាក់នៅទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិរួចហើយដើម្បីបញ្ចប់ការជួញដូរដ៏ឃោរឃៅមួយនេះ។ តាមរយៈការងារ និងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ និងសមាគមទេសចរណ៍ មានគោលបំណងដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យណែនាំច្បាប់សុខុមាលភាពសត្វហាមឃាត់ការជួញដូរដ៏ឃោរឃៅ។ លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រដល់អង្គការ និងសហគមន៍សុខុមាលភាពសត្វក្នុងមូលដ្ឋានជាមួយកម្មវិធីគ្រប់គ្រងចំនួនសត្វឆ្កែនិងឆ្មាប្រកបដោយចីរភាព៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular