មន្ត្រីជំនាញកម្ពុជានិងជប៉ុនប្រជុំពិភាក្សាពីវឌ្ឍនភាពនូវប្រព័ន្ធភ័ស្ដុភារកម្មកម្ពុជា

ដោយៈសុផល/ភ្នំពេញ៖លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្ដគម្រោង ស្ដីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភ័ស្ដុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្ដិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU)កាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំពិភាក្សានិងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ដគម្រោងស្ដីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភ័ស្ដុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្ដិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU)។កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីក្រុមជំនាញការជប៉ុនអំពីលទ្ធផលសកម្មភាពការងារ ដែលបានបំពេញជាមួយក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងខែកន្លងមក។ 

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្ដល់អនុសាសន៍សំខាន់ៗទៅលើប្រធានបទនានាទៅតាមក្រុមការងារជំនាញពាក់ព័ន្ធដូចជា៖ ការបង្កើតគោលនយោបាយភ័ស្ដុភារកម្មបៃតង មជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ ការបង្កើតគោលនយោបាយដឹកជញ្ជូនដែលមានការគ្រប់គ្រងសីតុណ្ហភាព ការបង្កើតយុទ្ធសាស្រ្ដទំនើបកម្មរថយន្ដដឹកទំនិញ ការសិក្សាចំពោះបណ្ដាញដឹកជញ្ជូនតាមព្រំដែន ការធ្វើឱ្យប្រសើរឡើងតំបន់ព្រំដែន និងរបាយការណ៍អង្កេត និងវាយតម្លៃ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមជំនាញការជប៉ុន និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរួមចំណែក និងសហការគ្នាល្អ ក៏ដូចជាដែលបានខិតខំប្រឹងប្រែងបំពេញការងារដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មនៅកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា មានភាពប្រកួតប្រជែង និងមានចីរភាព៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular