Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងទេសចរណ៍...

ក្រសួងទេសចរណ៍ កំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច

ដោយៈសុផល/ភ្នំពេញ៖តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី ១ ឆ្នាំ២០១៦-២០២០ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត និងបានបណ្តុះបណ្តាលយុវជន យុវនារីលើជំនាញទេសចរណ៍និង  បដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាមួយចំនួន ។

មកដល់ពេលនេះ កម្មវិធីបានបណ្តុះបណ្តាល យុវនារីលើជំនាញទេសចរណ៍និង  បដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាមួយចំនួនពេញម៉ោងចំនួន ១៦០រូប កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប  ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប  បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន៩១រូបនិងបានវាយតម្លៃអ្នកជំនាញទេសចរណ៍តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១.១៦៧រូប។នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា(ហូកា) កាលពីថ្ងៃទី៥មីនា។

ឥឡូវនេះគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាជំហានទី២ឆ្នាំ២០២០-២០២៤បានកំពុងចាប់ផ្តើមដោយផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជា  ជីវៈ ដល់ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេសចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តគោលដៅចំនួន ៥រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ។

គម្រោងបណ្តុះបណ្តាលនេះមានទិសដៅចម្បងគឺលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងអាជីវកម្ម គុណភាពសេវាកម្មទេសចរណ៍ និងការកសាងវិថីអភិវឌ្ឍន៍ដល់អ្នកជំនាញទេសចរណ៍ដើម្បីឆ្ពោះទៅការសិក្សាពេញមួយជីវិត។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន មានប្រសាសន៍ ថា « កម្មវិធី នេះ នឹង ផ្តល់ ឱ្យ យុវជន និង​យុវនារី នូវ ជំនាញ វិជ្ជាជីវៈ  បង្កើត ឱកាស ការងារ  និង ប្រាក់ ចំណូល ។សម្រាប់ជំហ៊ានទី ២ នៃកម្មវិធីនេះយុវជននិងយុវនារីនៅក្នុងខេត្តដែលបានជ្រើសរើសនឹងត្រូវបានផ្តល់នូវជំនាញបដិសណ្ឋារកិច្ចដើម្បីពួកគេអាចទទួលបានការងារធ្វើ” ។

លោករដ្ឋលេខាធិការ បានលើកឡើងទៀតថា «កម្មវិធីនេះក៏នឹងជួយពង្រឹងមន្រ្តីទេសចរណ៍ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍   របស់ប្រទេសផងដែរ»៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular