ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះបានប្រើឧស្ម័នហៀរទឹកភ្នែកនិងគ្រាប់បែកបញ្ចេញសម្លេងខ្លាំងធ្វើអោយវង្វេងដើម្បីបំបែកហ្វូងបាតុកម្មនៅក្រុងយ៉ាងហ្គោននៅពេលប៉ុន្មានម៉ោងបន្ទាប់ពីតំណាងពិសេសរបស់អង្គការសហប្រជាជាតិអំពាវនាវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការប្រឆាំងរបបយោធាចំពោះការសម្លាប់អ្នកប្រឆាំងតវ៉ា។
ការតវ៉ាប្រឆាំងរប៉េះរប៉ោះបានកើតមានពាសពេញមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ចាប់ពីទីក្រុងឡាស្យូភាគខាងជើងរហូតដល់ទីក្រុងឡយកាយភាគកណ្តាល ហើយសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសបានបាញ់ឧស្ម័នហៀរទឹកភ្នែកនិងគ្រាប់បែកធ្វើអោយវង្វេងដើម្បីបំបែកហ្វូងបាតុកម្មនៅសង្កាត់មួយក្នុងក្រុងយ៉ាងហ្គោន។មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសទេ។
បាតុករម្នាក់នៅក្រុងឡយកាយបានស្រែកថា «បដិវត្តន៍របស់យើងត្រូវតែឈ្នះ» ខណៈនៅក្រុងដាវ៉េ ភាគខាងត្បូងបាតុករស្រែកថា«លទ្ធិប្រជាធិបតេយ្យគឺជាបុព្វហេតុរបស់យើង»និង«បដិវត្តន៍ត្រូវតែឈ្នះ»។
យោងតាមអង្គការសហប្រជាជាតិ អ្នកប្រឆាំងតវ៉ាជាង៥០នាក់ត្រូវបានសម្លាប់ ក្នុងនេះ៣៨នាក់បានបាត់បង់ជីវិតនៅថ្ងៃ៣មីនាតែមួយ។
ពួកបាតុករបាននិងកំពុងទាមទារអោយដោះលែងអ្នកត្រូវចាប់ឃុំខ្លួនរួមទាំងមេដឹកនាំស៊ីវិលអ៊ុង សាន ស៊ូជី និងទទួលស្គាល់ការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ដែលគណបក្សរបស់លោកស្រីបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី តែក្រុមយោធាបដិសេធ៕
បាតុកររងការបាញ់គ្រាប់បែកផ្សែងពីប៉ូលិសនៅក្រុងយ៉ាងហ្គោនកាលពីថ្ងៃសៅរ៍