ដោយ: បូកគោ / កំពត: បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីជួបហេតុការណ៍ជិះម៉ូតូឌុបគ្នាបុកជាមួយរថយន្តមកពីមុខពេញទំហឹង។ ករណីនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
នគរបាលចរាចរណ៍ស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ សាត សឿន អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នករួមដំណើរជាមួយដែលរងរបួសធ្ងន់ឈ្មោះ ឡុក តាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិកោះស្នូក ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកទាំងពីរមិនបានពាក់មួយសុវត្ថិភាពទេ។ រីឯអ្នកបើកបររថយន្តឈ្មោះ ហៀន សុខជា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង១ និ២៥នាទីរសៀលថ្ងៃទី៦ ខែមីនាមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិចដោយម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាសឺរ៉ុសពាក់លេខកំពត 1D-7164 បើកពីជើងទៅត្បូងបំពានផ្លូវចូលបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ កំពត3A-1202 មកពីមុខពេញទំហឹង។ ភ្លាមៗ អ្នកបើកបររថយន្តបានរត់គេចបាត់ បន្សល់ទុកបុរសជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថាក្នុងសភាពបែបនោះ សមត្ថកិច្ច និងអ្នកជិតខាងក៏បានជួយជ្រោមជ្រែងជាមួយក្រុមគ្រូពេទ្យក្នុងការបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕