ដោយៈ ជាសីហៈ/ភ្នំពេញៈ ឧបករណ៍នេសាទឧស្សាហកម្ម ដែលត្រូវបានគេស្គាល់ នៅក្នុងប្រទេសកម្ពុជា ថាជា «ដាយត្រី» ត្រូវបាន នាំចូលមកពីប្រទេសវៀតណាម មកក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ១៥០ ឆ្នាំកន្លងមកហើយ។ នេះបើតាមការ អះអាងដោយ ក្រុមអ្នកអភិរក្សនៃគម្រោង Wonder of the Mekong។
ឧបករណ៍នេសាទ «ដាយត្រី» ត្រូវបានគេដាក់ឲ្យដំណើរការនៅភាគខាងជើងរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាងក្រោម តាមបណ្តោយដងទន្លេសាប ប្រវែងជាង ៣៥ គីឡូម៉ែត្រ។ «ដាយត្រី» ត្រូវបានគេដាក់ដំណើរការនេសាទត្រី ជារៀងរាល់ឆ្នាំ ចាប់ពីដើមខែតុលា ដល់ដើមខែមីនា នៅពេលទន្លេមេគង្គស្រកចុះ។ ឧបករណ៍នេសាទ «ដាយត្រី» ចាប់បានត្រីចម្រុះប្រភេទ រួមទាំងត្រីរៀល ផងដែរ ដែលពួកវាធ្វើចរាចរផ្លាស់ទីចេញពីប្រព័ន្ធបឹងទន្លេសាប ទៅទន្លេ មេគង្គ។
ផលចាប់ត្រី ដែលនេសាទបានដោយ «ដាយត្រី» ជាទូទៅត្រូវបានគេយកទៅធ្វើឱ្យប្រហុក ផ្អក និងត្រីឆ្អើរ។ តាមប្រពៃណី នៃការធ្វើប្រហុក ប្រជាជនកម្ពុជា កាត់ក្បាលត្រីរៀល ដោយដៃម្តងមួយៗ។ បន្ទាប់មក គេដាក់ខ្លួនត្រីចូលទៅក្នុងកន្ត្រក ឬជាល ហើយនាំយក ទៅជាន់ដោយជើង នៅលើស្ពានឈើបោះតាមច្រាំទន្លេ ដើម្បីសម្អាតស្រកា និងខ្លាញ់ត្រី បន្ទាប់មកយកទៅសំដិលហាលឲ្យស្រស់ទឹក មុននឹងបន្តនាំយកទៅដាក់អំបិលផ្អាប់ទុក។
បច្ចុប្បន្ននេះ ដោយសារបចេ្ចកវិទ្យាទំនើប ដំណើរការនៃការធ្វើត្រីប្រហុក មានភាពងាយ ស្រួលជាងមុន។ ត្រីត្រូវបានដាក់ចូលក្នុងម៉ាស៊ីន។ ម៉ាស៊ីនដំបូងគេ ដំណើរការដូចនឹង ម៉ាស៊ីនកិនផ្លែឈើ ដើម្បីបំបែកក្បាលត្រី សម្អាតស្រកា និងខ្លាញ់ចេញពីត្រី។ ម៉ាស៊ីនបន្ទាប់ មានមុខងាររែងដើម្បីញែក កម្ទេចក្បាលត្រី និងខ្លូនត្រីចេញពីគ្នាមុននឹងយកទៅប្រឡាក់ អំបិល៕/PC