ដោយ: បាយ័ន/សៀមរាប: ស្ដ្រីម្នាក់បានយកពងគីង្គក់ធ្វើក្នប់អាំងហូប បណ្ដាលឲ្យពុលស្លាប់ កាលពីម៉ោងម៉ោង០៩និង១៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ស្រេង ភារម្យ ភេទស្រី អាយុ ៤០ឆ្នាំ ស្រុកកំណើត ភូមិ អណ្ដូងឡឹង ឃុំថ្មពួន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មកធ្វើការជាកម្មកររើសគ្រាប់ស្វាយចាន់ទីអោយឈ្មោះ សុក ហុង នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមការបំភ្លឺរបស់ឈ្មោះ ឈឿន វ៉ូន ភេទប្រុស អាយុ ៥ ឆ្នាំ រស់នៅភូមិ បឹងង៉ត ដូចគ្នា (មកធ្វើការជុំគ្នា) បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោង ០៨ និង ១០ នាទី ខ្លួននិងជនរងគ្រោះបាននាំគ្នាដើររើសគ្រាប់ស្វាយចាន់ទីឲ្យឈ្មោះ សុក ហុង ជុំគ្នា នៅពេលកំពុងតែរើស ស្រាប់តែជនរងគ្រោះមានសភាពក្អួតចង្អោ។ ខ្លួនក៏នាំជនរងគ្រោះមកខ្ទមដែលពួកគេស្នាក់នៅ ហើយក៏រាយការណ៍ប្រាប់ថៅកែ ឈ្មោះ សុក ហុង។ ពេលនោះ ថៅកែឈ្មោះ សុង ហុង បានបបួលទៅមន្ទីពេទ្យ តែជនរងគ្រោះបានប្រាប់ថា មិនទៅទេ ព្រោះខ្លួនប្រហែលជាពុលពងគីង្គក់ ព្រោះព្រឹកមិញបានហូបក្នប់ពងគីង្គក់ជាមួយបាយ តែពេលនេះក្អួតចេញមកអស់ហើយសម្រាកបន្ដិចលែងអីហើយ។ ឃើញដូចនោះ ឈ្មោះ ឈឿន វ៉ូន បានទៅយកក្រូចឆ្មាមកច្របាច់យកទឹកដាក់លាយជាមួយស្ករសឲ្យផឹក បន្ទាប់មកជនរគ្រោះបានទៅដេកសម្រាកលើដីក្បែរគល់ដូង។ ចំណែកខ្លួនក៏ទៅហៅប្រជាការពារភូមិឲ្យមកជួយមើល ពេលជនរងគ្រោះកំពុងតែដេកៗ ស្រាប់តែជនរងគ្រោះមានសភាពខាំសង្គួតធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង។ ខ្លួនក៏បានទូរស័ព្ទទៅប្រាប់សាច់ញាតិនៅឯស្រុកកំណើត ចំណែកថៅកែ ឈ្មោះ សុក ហុង ក៏បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយការពិនិត្យ សមត្ថកិច្ចរកឃើញ ក្បាល និងស្បែកគីង្គក់នៅលើជ្រញ់ ក្នប់ពងគីង្គក់ (មានស្នាមកាច់ស៊ី) និងគីង្គក់អាំងពីក្បាល នៅលើតុក្បែរចង្ក្រាន។ ការពិនិត្យផ្នែកក្បាល ដងខ្លួន និងអាវៈជីវៈ ពុំមានស្លាកអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយសាច់ញាតិក៏បានសណ្ឋានថា សពពិតជាស្លាប់ដោយសាពុលពងគីង្គក់មែន ហើយក៏មិនបានប្ដឹងទាមទាទៅណានៅថ្ងៃក្រោយឡើយ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕