Home ព័ត៌មានសំខាន់ៗ អ្នកបាញ់សត្វល...

អ្នកបាញ់សត្វលលកគ្រាប់ផ្លាតគ្រាប់ត្រូវក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ

ដោយៈសម្បត្តិ ចាន់តូ /ភ្នំពេញ:ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងដោយស្នាដៃបុរសម្នាក់ ដើរបាញ់សត្វលលក ងាប់ទាំងសត្វ ន៨ងផ្លាតគ្រាប់ត្រូវចំជនរងគ្រោះ កាលពីម៉ោងជាង៤រសៀលថ្ងៃសៅរ៏ ទី៦ ខែមីនានៅដីវាលមួយកន្លែង ជាប់មណ្ឌលកុមារកំព្រា ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ សារឿន ប៊ុនថាអាយុ១៤ឆ្នាំ រស់នៅក្នុងមណ្ឌល អង្គការសង្គ្រោះជនអស់សង្ឃឹម ជាប់កន្លែងកើតហេតុ ។

បើតាមសម្តីក្រុមក្មេងកំព្រា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្រ ជាក្មេងកំព្រាដូចគ្នាចំនួនបីនាក់ ចេញទៅអង្គុយលេងដីវាល ជាប់នឹងផ្លូវថ្មីល្បឿនលឿន។ពេលកំពុងអង្គុយស្រាប់តែឮស្នូរសំឡេងកាំភ្លើងខ្យល់មួយគ្រាប់ ហើយជនរងគ្រោះប្រកាច់ដួល មានឈាមហូរចេញពីថ្ពាល់ខាងឆ្វេង ។ពេលដែលជនរងគ្រោះដួលហើយ ឮស្នូរសំឡេងកាំភ្លើងខ្យល់ពីរគ្រាប់បន្ថែមទៀត ឃើញសត្វលលកហើរធ្លាក់មកក្បែរក្រុមក្មេងរងគ្រោះអង្គុយ មួយក្បាល ទើបស្រែកផ្អើលឆោឡោ ក្រឡេកទៅឃើញ បុរសម្នាក់ ប្រដាប់ដោយកាំភ្លើងបាញ់សត្វ រត់មកបំណងរើសសត្វ តែដល់ឃើញត្រូវក្មេងរងគ្រោះ ប្រកាច់ត្រដរខ្យល់ បែរជាឡើងបើករថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02-2-0282 ព្យាយាមបើកគេច ត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោ ផ្អើលដេញឃាត់បាន ប្រគល់ឲ្យប៉ូលិស ។

ក្រោយពីកើតហេតុជនបង្កត្រូវបាន នគរបាល ឃាត់ខ្លួន នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌនិងដកហូតបានកាំភ្លើងបាញ់សត្វប្រភេទទំនើបមួយដើម រថយន្តមួយគ្រឿងនិងសត្វលលកងាប់មួយក្បាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular