តើ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ស្ដីទី​ជា​នរណា​?

ដោយ​: សុខុម / ស្ទឹងត្រែង​: ពិធី​ប្រកាស​មុខតំណែង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង ធ្វើឡើង​ដោយ​តក់ក្រហល់​ហើយ​សាមីខ្លួន​ពុំ​បានដឹង​ជាមុន កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​។​

​បន្ទាប់ពី​មានការ​រៀបចំ​ពិធី​ផ្ទេរ​សម្រួល​ភារកិច្ច​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ដោយ​ក្នុងនោះ​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង ទទួល​តួនាទី​ថ្មី​ជា ទីប្រឹក្សា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយ​ជំនួស​ដោយ​លោក ទុំ នី​រ៉ូ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង ជា​ប្រធាន​មន្ទីរ​ស្តីទី​។

​លោក ទុំ នី​រ៉ូ ត្រូវបាន​គេ​ស្គាល់​ថា គឺជា​កូនចៅ​អ្នកស្រុក​ស្ទឹងត្រែង​មួយរូប ដែល​បាន​ទៅ​បន្ត​ការសិក្សា​ខ្ពស់​ដល់​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​បច្ចេកទេស​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​ពី​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា លោក​បាន​វិល​ត្រឡប់មក​បម្រើ​ការងា​រ​នៅ​ស្រុកកំណើត​វិញ​រយៈពេល ២០ ឆ្នាំ​ទល់នឹង​បច្ចុប្បន្ន​។ កន្លងទៅ​ថ្មីៗ​នេះ​ស្រាប់តែ​លោក​ទុំ នី​រ៉ូ ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត វាយតម្លៃ​ខ្ពស់​ពី​ភាពជា​អ្នកដឹកនាំ​របស់លោក ជាពិសេស​គឺ​ចំណេះ​ជំនាញ​វិជ្ជាជីវៈ គុណធម៌ សិ​ល​ធ៌​ម ឆន្ទៈ​មុះ​មុត និង​មនសិកា​ស្នេហា​ជាតិ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​។​

​មើលឃើញថា ការប្រគល់​ភារកិច្ច​ជូន​លោក ទុំ នី​រ៉ូ ឲ្យ​ឡើងជា​ប្រធាន​មន្ទីរ​ស្តីទី មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង គឺ​ពិតជា​សាក​សម​តាម​សមត្ថភាព​របស់លោក ព្រោះថា លោក​គឺជា​អ្នកមាន​ដើមកំណើត​ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែង និង​បាន​បន្ត​ការសិក្សា​ខាង​ផ្នែក​បច្ចេកទេស​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​យ៉ាងពិត​ប្រាកដ រួមទាំង​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន ក្នុងពេល​អនុវត្ត​ការងារ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង​ផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular