ប្រែសម្រួលៈវាសនា/ហ្គូវ៉ាហាទី៖អាជ្ញាធរមីយ៉ាន់ម៉ាបានស្នើសុំឥណ្ឌាអោយប្រគល់ខ្លួនប៉ូលិសជាច្រើននាក់ ដែលបានឆ្លងព្រំដែនទៅសុំការជ្រកកោននៅឥណ្ឌា ដើម្បីគេចវេះមិនអនុវត្តបទបញ្ជាយោធាដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីខែមុន នេះបើតាមការបញ្ជាក់ពីមន្ត្រីឥណ្ឌាម្នាក់។
ប្រភពព័ត៌មានឥណ្ឌា បានអោយដឹងថា ប៉ូលិសមីយ៉ាន់ម៉ានិងសមាជិកគ្រួសាររបស់គេជាង៤០នាក់ បានឆ្លងព្រំដែនចូលឥណ្ឌានិងសុំការជ្រកកោននៅទីនោះនៅប៉ុន្មានថ្ងៃមកនេះ នៅពេលកងសន្តិសុខមីយ៉ាន់ម៉ាបង្កើនការបង្ក្រាបលើអ្នកប្រឆាំងនឹងរដ្ឋប្រហារ។
មន្ត្រីម្នាក់បានប្រាប់សារព័ត៌មានបរទេសកាលពីថ្ងៃសៅរ៍ថាជនជាតិមីយ៉ាន់ម៉ា៤៨នាក់ រួមមានប៉ូលិស៨នាក់បានចូលមកក្នងរដ្ឋ មីហ្សូរ៉ាម របស់ឥណ្ឌា។
ក្នុងពេលជាមួយគ្នា មានសេចក្តីរាយការណ៍ថា ជនជាតិមីយ៉ាន់ម៉ារាប់សិបនាក់កំពុងរង់ចាំត្រង់ព្រំដែនជាប់ឥណ្ឌា ដើម្បីឆ្លងព្រំដែនចូលទៅឥណ្ឌាផងដែរ នៅពេលសន្តិសុខព្រំដែនឥណ្ឌាបង្កើនការល្បាតយាមកាមមិនអោយមានការឆ្លងព្រំដែន។
មន្ត្រីឥណ្ឌាម្នាក់បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៨៥នាក់ កំពុងរង់ចាំត្រង់ព្រំដែនដើម្បីចូលឥណ្ឌា។
សារព័ត៌មានឥណ្ឌាក៏បានរាយការណ៍ថា អ្នកដែលបានភៀសខ្លួនចូលឥណ្ឌារួមមានប៉ូលិស និងមន្ត្រីមូលដ្ឋានដែលមិនព្រមអនុវត្តបទបញ្ជារបស់យោធា៕
មានចលនាភៀសខ្លួនចេញនៅពេលក្នុងប្រទេសកងកម្លាំងសន្តិសុខបន្តបង្ក្រាបការប្រឆាំងតវ៉ារបស់ប្រជាជន