Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចុះ​ពិនិត្យ​ទ...

ចុះ​ពិនិត្យ​ទីតាំង​សត្តឃាត​ស្រុក​ស្ទោង អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា ការ​ពិឃាត​ក្រៅ​សត្តឃាត​គឺ​ខុសច្បាប់​

ដោយ​: ប​.​ជ័យ / កំពង់ធំ​: មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សត្តឃាត​ស្រុក​ស្ទោង ហើយ​ព្រមាន​ថា ការ​ពិឃាត​ក្រៅ​សត្តឃាត​គឺ​ខុសច្បាប់​។​

​លោកស្រី លំ គ​ន្ធា​រី អភិបាលរង​ខេត្តកំពង់ធំ រួមជាមួយ​ក្នុង​ដំណើរ​ដោយ​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​បស្សុព្យាបាល​សត្វ​ខេត្ត នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​លោក ស៊ូ ចាន់​ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្តកំពង់ធំ រួមទាំង​ម្ចាស់​អជីវ​កម្ម​ទទួល​សិទ្ធិ​សត្តឃាត ចូលរួម​ពិនិត្យ​ទីតាំង​សត្តឃាត​ស្រុក​ស្ទោង​។​

​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២​ថា​៖ គោលបំណង​នៃ​ការចុះពិនិត្យ​ទីតាំង​សត្តឃាត​លើក​នេះ ដោយមាន​សមត្ថកិច្ច​ជំនាញ និង​ក្រុម​ប្រកបមុខរបរ​សត្វ គឺ​ដើម្បី​បង្កើន​គុណភាព សុវត្ថិភាព សុខភាព​សាច់សត្វ ព្រមទាំង​ជម្រុញ​ឲ្យ​មានការ​កាប់​សត្វ​ជ្រូក គោ ក្របី ធ្វើ​នៅតែ​ក្នុង​សត្តឃាត ដោយ​ហាម​មិន​ឲ្យ​មានការ​កាប់​នៅក្រៅ​សត្តឃាត​ជាដាច់ខាត គឺជា​ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​គុណភាព​សាច់សត្វ ពី សំណាក់​ពេទ្យសត្វ​ប្រចាំ​សត្តឃាត មុនពេល​នាំ​សាច់ជ្រូក គោ ក្របី ចូល​លក់​ក្នុង​ទីផ្សារ​និង​បញ្ជា​ស់​សាច់​ដែល មាន​ជំងឺ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក ស៊ូ ចាន់​ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ បាន​និយាយថា​៖ ម្ចាស់​សត្តឃាត ត្រូវធ្វើ​តាម​កា​ណែនាំ តាម​បទដ្ឋាន​បច្ចេកទេស អ្នកវិនិយោគ និង​មន្ត្រី​ពេទ្យសត្វ ត្រូវ​សហការគ្នា ដើម្បី​ចាត់ការ​តាម​នីតិវិធី នៃ​ទីតាំង​សត្តឃាត ឲ្យ​ទទួល​បានការ​គ្រាំទ្រ ពី​សំណាក់​មហាជន​។

​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​បស្សុព្យាបាល​សត្វ​ខេត្តកំពង់ធំ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ម្ចាស់​អជីវ​កម្ម​ទទួល​សិទ្ធ​យក​ភាស៊ី​សត្តឃាត ដែល​បាន​ថែរក្សា​បញ្ហា​អនាម័យ ទីតាំង​សម្លាប់សត្វ កន្លែង​កោស​រោម កន្លែង​លាង​សម្អាត រួមទាំង​បរិវេណ​សត្តឃាត​បានល្អ​ជាង​មុន​៩០​ភាគរយ ដោយបាន​គោរព​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​បច្ចេកទេស​។ ក្នុងនោះ លោក​បាន​សុំ​ឲ្យ​ជួយ​កែសម្រួល​ទីតាំង​ដែល​ទុក ចោល​ដោយ​មិនបានការ មក​កែច្នៃ​បរិវេណ​ឲ្យ​ធំ​ទូលាយ បំពាក់​អំពូល​ភ្លើង​ឲ្យ​ភ្លឺ​ជាង​មុន ប្រើប្រាស់​ទឹកស្អាត និង​រៀបចំ​ទុកដាក់​លាមក​ជ្រូក គោ ក្របី ឲ្យ​មាន​កន្លែង​សុ​វត្តិភាព និង​សំណូមពរ​ឲ្យ​មាន​ឡ​ដុត​កាកសំណល់​ចោល​ផងដែរ​។​

​លោកស្រី លំ គ​ន្ធា​រី អភិបាលរង​ខេត្តកំពង់ធំ ក្រោយពី​បាន​ជ្រាប​នូវ​បញ្ហា​មួយចំនួន ដែល​បង្ករ​ឲ្យ​ភាគី​ក្រុម​ជំនាញ​ពេទ្យសត្វ និង​អ្នកវិនិយោគ រួមទាំង​ក្រុម​អជីវ​ករ មានការ​អាក់អន់ចិត្ត​កន្លងមក លោកស្រី​បាន​សម្របសម្រួល​ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ ក្នុង​កិច្ចសហការ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular