ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ចលនាយុវជនកម្ពុជាក១៥៧ បានផ្តល់អំណោយជូនដល់កងកម្លាំងជួរមុខទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ឈរជើងនៅតាមខ្សែព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
លោក ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជាក១៥៧ សាខាខេត្តបន្ទាយមានជ័យអោយដឹងថា ៖ អំណោយផ្តល់ជូនកងកម្លាំងជួរមុខ របស់យអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើង សហការជាមួយកងកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ពលករលួចឆ្លងដែនចូលមកដោយមិនបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍។
អំណោយរួមមាន៖ ទឹកបរិសុទ្ធចំនួន ២១០យួរ ,ទឹកផ្លែឈើ ចំនួន ២៤យួរ ,ភេសជ្ជះបាកាសចំនួន ១កេស ,M150 ចំនួន ១កេស ,ទឹកស៊ីអ៊ីវចំនួន ៣០យួរ ,ទឹកត្រី ចំនួន ៣០យួរ ,មីចំនួន ៥០កេសតូច ,ត្រីខកំប៉ុងចំនួន ៥កេស ,ស្ករសចំនួន ២០គីឡូក្រាម ,អំបិលចំនួន គីឡូក្រាម ,ម៉ាស់ចំនួន ៤០ប្រអប់ និងអាល់កុលចំនួន ៦០លីត្រ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អោយដឹងថា ៖ការផ្តល់អំណោយជូនដល់កងកម្លាំងជួរមុខនេះ គឺជាកាយវិការសាមគ្គីរួមគ្នា សមរភូមិក្រោយ ឧបត្ថម្ភគាំទ្រសមរភូមិមុខ ក្នុងការលើកទឹកចិត្តដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមខ្សែបន្ទាត់ព្រំដែន ចូលក្នុងសហគមន៍ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សូមបញ្ជាការថា៖ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក កងកម្លាំងជួរមុខ តែងតែទទួលបាននូវ អំណោយពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ប្រជាពលរដ្ឋជាបន្តបន្ទាប់ មានជាគ្រឿងឧបភោគបរិភោគ ថវិកា ម៉ាស់ អាល់កុល និងជែល សម្រាប់បម្រើឲ្យសកម្មភាពបំពេញបេសកកម្មប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណ និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុង ឆ្នាំថ្មីតាមបីបាច់ថែរក្សាជូនចំពោះចលនាយុវជនកម្ពុជាក១៥៧ និង ថ្នាក់ដឹកនាំអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ដល់មូលដ្ឋាន៕