Home ព័ត៌មានសំខាន់ៗ វីរភាព​ស្ត្រី...

វីរភាព​ស្ត្រី​កម្ពុជា​ដែល​មើលរំលង​

ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​​ទិវា​នារី​អន្តរជាតិ តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែមីនា ជា​រៀងរាល់ឆ្នាំ​។ ទិវា​នារី​អន្តរជាតិ កើតចេញពី​ការ​ក្រោកឈរឡើង​របស់​ស្ត្រី​ប្រឆាំងនឹង​ការរំលោភបំពាន​ទៅលើ​លក្ខខណ្ឌ​ការងារ​របស់ខ្លួន​នៅក្នុង​សហរដ្ឋ​អាម៉េរិក​នា​ចុង​សតវត្សរ៍​ទី​១៩​។

​មនុស្ស​ភាគច្រើន​យល់ឃើញថា ស្ត្រី គឺជា​ភេទ​ទន់ខ្សោយ ហើយ​គ្មាន​កម្លាំង​ស្មើនឹង​បុរស​។ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ប្រពៃណី​ទំនៀម​ទំលាប់​ពី​បុរាណ​មក ស្ត្រី ត្រូវបាន​អប់រំ​ឲ្យ​ធ្វើជា​មេផ្ទះ គោរព​ប្រណិប័តន៍​ប្តី និង​ឪពុកម្តាយ ព្រមទាំង​មើលថែរក្សា​កូនៗ​នៅក្នុង​ផ្ទះ​។ ជាទូទៅ ស្ត្រី ត្រូវបាន​ចាត់ទុកថា​ជាម​នុស្ស​ដែលមាន​អត្តចរិត​ទន់ភ្លន់ សុភាពរាបសា ព្រមទាំង​មានចិត្ត​អំណត់​ខ្ពស់​។ ប៉ុន្តែ​ប្រសិនបើ​យើង​ក្រឡេកមើល​ទៅតាម​ស្ថានភាព​ជាក់ស្តែង ស្ត្រី គឺមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​ក៏មាន​ភាពរឹងមាំ​ជា​យូរលង់​ណាស់​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។

សិល្បៈការិនី​ហាត់​សម​សម្តែង​របាំ នៅ​បណ្ណាល័យ​សម្តេចម៉ែ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅក្នុង​របប​ខ្មែរក្រហម​ស្ត្រី​និង​ក្មេងស្រី​គឺជា​កម្លាំង​មួយ​ដ៏​សំខាន់​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​កុ​ម្មុនី​ស្ត​ខ្មែរក្រហម​ឲ្យ​ឡើង​កាន់កាប់​អំណាច និង​គ្រប់គ្រង​ប្រទេស​កម្ពុជា ដែល​ហៅថា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរក្រហម នៅ​រវាង​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។​នៅក្នុង​របប​ខ្មែរក្រហម​ស្ត្រី​និង​ក្មេងស្រី​បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​ជួយ​បំពេញ​កិច្ចការងារ​នានា​ដល់​ក្រុមខ្មែរក្រហម​រួមមាន ធ្វើជា​គ្រូពេទ្យ ក្រុម​ឃោសនា​កេណ្ឌ​កម្លាំង​ទ័ព​យុវជន អ្នកផ្គត់ផ្គង់​អាហារ អ្នកគ្រប់គ្រង​នៅតាម​តំបន់ និង​ការដឹកជញ្ជូន​អាវុធ​ដល់​កងទ័ព​ខ្មែរក្រហម​ក្នុងពេល​ធ្វើសង្គ្រាម​។

​អំឡុងពេល​ត្រឹមតែ​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ របប​ខ្មែរក្រហម បាន​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។ ខ្មែរក្រហម បានសម្លាប់​ប្រជាជន​ប្រមាណ​២​លាន​នាក់ និង​បន្សល់ទុក​ប្រជាជន​ប្រមាណ​៥​លាន​នាក់ ដែល​ភាគច្រើន​គឺជា​ស្ត្រី​។​ចាប់តាំងពី​ពេលនោះ​មក​ទាំង​ស្ត្រី​និង​ក្មេងស្រី​បានទទួល​រង​នូវ​ការប៉ះទង្គិច​យ៉ាងខ្លាំង​ទាំង​ជីវភាព​រស់នៅ​និង​បញ្ហា​ផ្លូវចិត្ត​ដែល​កើតមានឡើង​ដោយសារតែ​ការបែកបាក់​និង​ព្រាត់ប្រាស់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​។ រឿងរ៉ាវ​ទាំងអស់នេះ បានផ្តល់​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ត្រី​ទៅហើយ ប៉ុន្តែ​ស្របពេលនោះ ស្ត្រី មាន​កាតព្វកិច្ច​ប្រឈមមុខ​តស៊ូ​ជម្នះ​ទៅលើ​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ​បន្ថែមទៀត​។ ស្ត្រី បាន​តស៊ូ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​ស្រោចស្រង់​ប្រទេស​កម្ពុជា ថែមទាំង​បាន​នាំយក​នូវ​ស្នាមញញឹម និង​សុភមង្គល​ត្រឡប់មក​ជូន​ដល់​ប្រជាជន​កម្ពុជា​វិញ​។

​រហូតមកដល់​សព្វថ្ងៃ​នេះ​យើង​សង្កេតឃើញថា​ស្ត្រី​នៅតែ​ជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ដែល​បាន​ចូលរួម​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ត្រី គឺ​មិនមែន​គ្រាន់តែ​ជា​ជំហរ​និង​ជាទី​ពឹង​របស់​ក្រុមគ្រួសារ​តែប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ស្ត្រី ក៏បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​អភិវឌ្ឍន៍​ប្រទេសជាតិ​យ៉ាងសកម្ម​ដូច​បុរស​ដែរ​។
​ទោះបីជា​យ៉ាងនេះ​ក្តី ការយល់ឃើញ​ចំពោះ​ស្ត្រី គឺ​មិនបាន​ធ្វើឡើង​ទៅតាម​ស្ថានភាព​ដែល​បាន​កើតឡើង​នោះទេ​។ ភាគច្រើន​ស្ត្រី​ត្រូវបាន​បកស្រាយ​នៅក្នុង​ន័យ​ទន់ខ្សោយ​ថែមទាំង​ត្រូវការ​ការជួយជ្រោមជ្រែង​និង​យកចិត្តទុកដាក់​ពី​អ្នក​នៅ​ជុំវិញខ្លួន​ទៅវិញ​។

សិល្បៈការិនី​ហាត់​សម​សម្តែង​របាំ នៅ​បណ្ណាល័យ​សម្តេចម៉ែ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​រាំ​របាំ​បុរាណ​ដែលមាន​ចំណងជើង​ថា «​ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​» នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​នា​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០២១​។ «​ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​» គឺជា​រឿងរ៉ាវ​ស្នេហា​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចឪ និង​សម្តេចព្រះ​មហាក្សត្រី សម្តេចម៉ែ ដែលមាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​អញ្ជើញ​ឯកអគ្គរាជទូត​ស្ត្រី និង​ភរិយា​របស់​ឯកអគ្គរាជទូត​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​សិល្បៈករ និង​បុគ្គលិក​ស្ត្រី​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចូលរួម​ទស្សនាការ​រាំ​របាំ​បុរាណ​ដែលមាន​ចំណងជើង​ថា «​ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​» និង​អបអរ​ទិវា​នារី​អន្តរជាតិ​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ​។
​ ​ជ្រិ​ន ជ័យ​ស័ក្តិ ភេទ​ប្រុស អាយុ​២៣ គឺជា​វិចិត្រករ ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ឯកទេស​ស្ថាបត្យកម្ម​។ ជ័យ​ស័ក្តិ មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ជ័យ​ស័ក្តិ គឺជា​វិចិត្រករ​ម្នាក់​ដែល​នឹងចូលរួម​គូររូប​ការ​រាំ​របាំ​បុរាណ ដែលមាន​ចំណងជើង​ថា «​ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​» នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ​នា​ថ្ងៃ​ប្រារព្ធ​ពិធី​អបអរ​ទិវា​នារី​អន្តរជាតិ​។ ជ័យ​ស័ក្តិ បាន​ចែករំលែក​អំពី​ការយល់ឃើញ​របស់ខ្លួន​ចំពោះ​ទិវា​នារី​អន្តរជាតិ​ថា​៖
​ ​ខ្ញុំ​ធ្លាប់​ឮ​អំពី ទិវា​នារី​អន្តរជាតិ ជា​យូរ​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​យល់ឃើញថា សព្វថ្ងៃនេះ ស្ត្រី​និង​បុរស ទទួលបាន​សិទ្ធ​សេរីភាព​ស្មើៗ​គ្នា​។ ស្ត្រី ជាច្រើន​បាន​ចូលរួមចំណែក​នៅក្នុង​កិច្ចការងារ​សង្គម​និង​ទទួលបាន​ឱកាស​ដូច​បុរស​។ នៅក្នុង​សង្គម​ខ្មែរ បុរស ភាគច្រើន​មានឱកាស​ច្រើនជាង​ស្ត្រី ព្រោះ​ដោយសារតែ​វប្បធម៌​និង​ប្រពៃណី​របស់​ខ្មែរ​យើង​ពីមុនមក​។ កាលពីមុន ស្ត្រី​ភាគច្រើន មិនបាន​ទទួល​ការអប់រំ​បាន​ជ្រៅជ្រះ​នោះទេ ព្រោះ​ស្ត្រី​មាន​កាតព្វកិច្ច​ក្នុងការ​មើលថែរក្សា​ផ្ទះ និង​កូនៗ​។ ទាំងអស់នេះ គឺជា​ឧបសគ្គ​មួយ​សម្រាប់​ស្ត្រី ហើយ​ខ្ញុំ​គិតថា​នៅពេលនោះ ស្ត្រី ក៏​មិន​ចង់​រស់នៅក្នុង​ស្ថានភាព​ដូច្នោះ​ដែរ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាព​រីកចម្រើន​ជាង​មុន ដែល​នេះ​គឺជា​ឱកាស​មួយ​ធ្វើ​ឲ្យ​ស្ត្រី​អាច​យល់ដឹងបាន​ច្រើន​អំពី​សិទ្ធ​និង​កាតព្វកិច្ច​របស់ខ្លួន​នៅក្នុង​សង្គម​។ សម្រាប់​ខ្ញុំ ស្ត្រី ចាញ់​បុរស​ត្រឹមតែ​កម្លាំងកាយ​ប៉ុណ្ណោះ ព្រោះនេះ​គឺ​ធម្មជាតិ​ជា​អ្នកបង្កើត​មក ប៉ុន្តែ​ចំពោះ​ការតស៊ូ​និង​ការសិក្សា​រៀនសូត្រ​វិញ ស្ត្រី​គឺ​មិន​អន់​ជាង​បុរស​នោះទេ​។ ខ្ញុំ​ធ្លាប់ធ្វើ​ការងារ​ដែលមាន​ស្ត្រី​ជា​ប្រធាន​ក្រុម​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ត្រូវបាន​ស្ត្រី​ស្តីបន្ទោស​ឲ្យ​នៅពេលដែល​ខ្ញុំ​និយាយ​លេងសើច​ជ្រុល​ហួសហេតុ​ចំពោះ​គាត់​។ សកម្មភាព​ទាំងអស់នេះ បាន​បង្ហាញថា ស្ត្រី ក៏មាន​សមត្ថភាព​នៅក្នុង​ការដឹកនាំ​និង​មិន​ខ្លបខ្លាច​ក្នុង​ការតវ៉ា​នោះទេ​។
​ ​ខ្ញុំ​សង្ឃឹមថា ការ​ប្រារព្ធ​ពិធី​អបអរ​ទិវា​នារី​អន្តរជាតិ ដែលមាន​ការជួប​ជុំគ្នា​រវាង​ស្ត្រី​ដែលជា​អ្នកដឹកនាំ នៅក្នុង​បរិវេណ​បណ្ណាល័យ​សម្តេចម៉ែ​នេះ នឹង​អាចជួយ​បង្ហាញ​អំពី​សក្តានុពល​របស់​ស្ត្រី​ទាំងអស់​។ ខ្ញុំ ក៏​រំពឹងទុក​ដែរ​ថា រូបគំនូរ​របស់ខ្ញុំ​អំពី​ការ​រាំ​របាំ​បុរាណ ដែលមាន​ចំណងជើង​ថា «​ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​» នៅក្នុង​កម្មវិធី​នេះ នឹងចូលរួម​ចំណែក​អបអរ​ដល់​ស្ត្រី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ស្ត្រី​ផ្សេងៗ​ទៀត​លើ​សកលលោក​។
​ ​ពេជ្រ ពិនិត្យ ភេទ​ប្រុស អាយុ ២៦​គឺជា​អ្នកលេង​ភ្លេងបុរាណ​ម្នាក់​។ ពិនិត្យ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តកណ្តាល​។ ពិនិត្យ បាន​ចែករំលែក​ការយល់ឃើញ​របស់គាត់​ចំពោះ​ទិវា​នារី​អន្តជាតិ​ថា​៖
​ ​ខ្ញុំ​ធ្លាប់​ឮ​អំពី​ទិវា​នារី​អន្តរជាតិ​នេះ​តាំងតែ​ពី​ខ្ញុំ​រៀន​នៅ​អនុវិទ្យាល័យ​មក​ម្លេះ​។ ខ្ញុំ​គិតថា ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នេះ​ឡើង គឺ​ដើម្បី​លុបបំបាត់​ការរើសអើង​និង​ការរំលោភបំពាន​ផ្សេងៗ​ទៅលើ​ស្ត្រី​។ ខ្ញុំ​គាំទ្រ​ឲ្យ​មានការ​ប្រារព្ធ​ពិធី​ទិវា​នារី​អន្តរជាតិ​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ព្រោះ​ស្ត្រី​ភាគច្រើន​បានទទួល​រង​ការរំលោភបំពាន​ជាង​បុរស​។ ខ្ញុំ​គិតថា​ស្ត្រី​មិន​ទន់ខ្សោយ​នោះទេ ព្រោះ​ស្ត្រី​បានបង្ហាញ​អំពី​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការដោះស្រាយ​បញ្ហា​និង​ការ​ហ៊ាន​ប្រឈមមុខ​ចំពោះ​អំពើ​ដែល​រំលោភបំពាន​ដល់​ខ្លួន​។ ខ្ញុំ​សង្ឃឹមថា​ការចូលរួម​លេងភ្លេង​របស់ខ្ញុំ​សម្រាប់​ការ​រាំ​របាំ​បុរាណ ដែលមាន​ចំណងជើង​ថា «​ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​»​ក្នុង​កម្មវិធី​អបអរ​ទិវា​នារី​អន្តរជាតិ​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ​នា​ថ្ងៃ​ខាងមុខនេះ នឹង​អាចជួយ​រំឭក​អំពី​គុណ​តម្លៃ​របស់​ស្ត្រី ដែល​មនុស្ស​មួយចំនួន​តែងតែ​មើលរំលង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular