ប្រែសម្រួល : កញ្ញាដាលីស ៖ យ៉ាងហោចណាស់មនុស្ស ២០ នាក់បានស្លាប់និងរាប់រយនាក់រងរបួសបន្ទាប់ពីការផ្ទុះដោយចៃដន្យចំនួន ៤បានឆាបឆេះកាត់ជំរំយោធាមួយក្នុងប្រទេសហ្គីណេអេក្វាទ័រនិងបានបំផ្លាញតំបន់លំនៅដ្ឋានក្បែរខាងកាលពីថ្ងៃអាទិត្យទី៧មីនា។
វីដេអូចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ TVGE បានបង្ហាញថាអគារជាច្រើនត្រូវបានដុតបំផ្លាញនិងរាបស្មើដល់ដីនៅជុំវិញជំរំអិនកាវអិនតូម៉ាក្នុងរដ្ឋធានីសេដ្ឋកិច្ចបាតាដោយមានផ្សែងខ្មៅក្រាស់ៗហុយឡើងលើមេឃ។
កុមារនិងមនុស្សធំត្រូវបានឃើញទាញចេញពីគំនរបាក់បែក។ មានឈុតឆាកវឹកវរជាច្រើននៅឯមន្ទីរពេទ្យក្នុងទីក្រុងបាតា ដោយអ្នករងរបួសដេកនៅលើឥដ្ឋរង់ចាំការព្យាបាល។
ក្រសួងសុខាភិបាលបានព្រមាននៅក្នុងសារ Twitter ថា មនុស្សជាច្រើនអាចកំពុងកប់នៅក្រោមបំណែកបាក់បែកនៅឡើយ។
ប្រធានាធិបតី ថេអូដូរ៉ូ អូបៀង ង៉ូម៉ា បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីកសិករក្នុងតំបន់បានអនុញ្ញាតភ្លើងឆាបឆេះនៅតំបន់នោះដោយមិនអាចគ្រប់គ្រងបានជាហេតុឆេះរាលដាលដល់គ្រឿងផ្ទុះដែលរក្សាទុកយ៉ាងអន់ដោយទាហាននៅជំរំយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក អូបៀង ង៉ូម៉ា និយាយថា”ទីក្រុងបាតាបានរងគ្រោះដោយសារគ្រោះថ្នាក់បណ្តាលមកពីការធ្វេសប្រហែសរបស់អង្គភាពទ័ពទទួលបន្ទុករក្សាទុកគ្រឿងផ្ទុះនិងគ្រាប់រំសេវនៅជំរំយោធាអិនកាវអិនតូម៉ា។ ភ្លើងឆាបឆេះដោយសារការដុតសំរាមដោយកសិករនៅក្នុងចម្ការរបស់ពួកគេ ដែលទីបំផុតបានធ្វើឱ្យឃ្លាំងគ្រាប់ទាំងនេះផ្ទុះឡើងជាបន្តបន្ទាប់”។
ក្រសួងការពារជាតិបានដាក់ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ២០ នាក់និងរបួសប្រមាណ ៦០០ នាក់៕
មនុស្ស ២០ នាក់ស្លាប់ និង ៦០០ នាក់របួសក្នុងការផ្ទុះជំរំយោធាអិនកាវអិនតូម៉ា