ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ អ្នកការទូតកំពូលរបស់ចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសផ្សេងទៀតពីការរំខានដល់ស្ថិរភាពក្នុងតំបន់នៅសមុទ្រចិនខាងត្បូងសូម្បីខណៈដែលលោកកំពុងជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ “ពន្លឿនទៅមុខ” ជាមួយនឹងការចរចាលើក្រមប្រតិបត្តិមួយដើម្បីគ្រប់គ្រងជម្លោះដែនទឹកនិងដែនដីនៅក្នុងសមុទ្រដែលមានការប្រកួតប្រជែងគ្នានេះក៏ដោយ។
នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំដែលមានរយៈពេលជាង ៩០ នាទី រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីបានព្រមានម្តងហើយម្តងទៀតកុំឱ្យសហរដ្ឋអាម៉េរិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីជាលោកបានបង្ហាញបំណងចរចាសម្រុះសម្រួលជាមួយរដ្ឋបាលថ្មីរបស់លោកបៃដិន ដោយអំពាវនាវឱ្យមានកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការក៏ដោយ។
ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រក្រោមរដ្ឋបាលត្រាំ ដោយភាគីទាំងពីរបានចូលរួមក្នុងជម្លោះលើបញ្ហានានារួមមានពាណិជ្ជកម្ម បច្ចេកវិជ្ជា ជំងឺរាតត្បាត និងកោះតៃវ៉ាន់។
ឆ្លើយតបនឹងសំណួររបស់កាសែត The Straitstimes លោកនិយាយកាលពីថ្ងៃអាទិត្យទី៧មីនាថា”បណ្តាប្រទេសក្នុងតំបន់និងជុំវិញពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអាចមើលឃើញយ៉ាងច្បាស់ថាកត្តាសម្រាប់អស្ថិរភាពនិងហានិភ័យសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូងគឺភាគច្រើនកើតចេញពីកម្លាំងមកពីខាងក្រៅតំបន់”។
លោកបាននិយាយថាចិននិងអាស៊ានបានឈានដល់ការយោគយល់គ្នាស្តីពីការថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងប៉ុន្តែសហរដ្ឋអាម៉េរិកនិងបណ្តាប្រទេសលោកខាងលិចមួយចំនួនចង់ឃើញអស្ថិរភាពនៅក្នុងតំបន់។ លោកបន្ថែមថា ពួកគេប្រើប្រាស់គោលការណ៍សេរីភាពនៃការធ្វើនាវាចរណ៍ដើម្បី “បង្កើនភាពតានតឹង” និងបង្កើតការបែងចែកក្នុងចំណោមប្រទេសនៅក្នុងដែនទឹកដែលមានជម្លោះ។
សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអូស្ត្រាលីនិងអង់គ្លេសបានធ្វើប្រតិបត្តិការនាវាចរណ៍នៅទីនោះជាញឹកញាប់ដើម្បីប្រឆាំងនឹងការទាមទារទឹកដីរបស់ចិនដែលត្រួតស៊ីគ្នាជាមួយម៉ាឡេស៊ី វៀតណាម ព្រុយណេ ហ្វីលីពីននិងកោះតៃវ៉ាន់៕
ឧទ្ធម្ភាគចក្រ MH-60R Sea Hawk ចុះចតលើនាវា USS Ronald Reagan នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០